(បន្ទាយមានជ័យ)៖ ជនជាតិម៉ាឡេស៊ី៤៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្រុងប៉ោយប៉ែត កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨កន្លងទៅ និងបានបញ្ជូនទៅឃុំនៅពន្ធនាគារនោះ ត្រូវបានតុលាការដោះលែងហើយ ក្រោយមានការសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលដើរតួយ៉ាងសំខាន់ដើម្បីសម្របសម្រួលការងារនេះ នឹងធ្វើសន្និសីទសារព័ត៌មាន នៅខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់អំពីលទ្ធផលលម្អិត នៃកិច្ចប្រតិបត្តិការលើបញ្ហានេះជូនសាធារណៈជនឲ្យបានជ្រាបបន្ថែមទៀត។
សូមជម្រាបថា កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដឹកនាំសម្របសម្រួលដោយលោក តេង សាម៉ៃ ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត បានចុះឆែកឆេរចាប់ជនជនជាតិបរទេស ដែលបើកមុខរបររកស៊ី (អនឡាញ) ដោយខុសច្បាប់ចំនួនពីរទីតាំង។
*ទីតាំងទី១៖ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចប្រមូលបានជនបរទេស ចំនួន២៥នាក់ ក្នុងនោះជនជាតិចិន៥នាក់ និងជនជាតិម៉ាឡេស៊ី២០នាក់ ក្នុងនោះស្រី០៣នាក់។
*ទីតាំងទី២៖ ចុះប្រតិបត្តិការនៅម៉ោង០៣៖៣០នាទី សមត្ថកិច្ចរកឃើញជនបរទេសចំនួន៣០នាក់ ស្រី០៧នាក់ ក្នុងនោះជនជាតិចិន០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន២៧នាក់ ស្រី០៧នាក់ ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សរុបទាំងអស់ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចប្រមូលបានជនបរទេសចំនួន៥៥នាក់ ស្រី១០នាក់ ក្នុងនោះជនជាតិចិន ចំនួន០៨នាក់ ជនជាតិម៉ាឡេស៊ី៤៧នាក់ ស្រី១០នាក់៕