(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌជ្រោយចង្វារ ក្រោយការបញ្ជាពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ បានតាមស្រាវជ្រាវរកឃើញថ្នាំញៀន ចំនួន១៧កញ្ចប់ និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួន ក្នុងប្រតិបត្តិការបង្ក្រាប៣ករណី ឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨នាក់។
លោកវរសេនីយ៍ទោ អ៊ុង សឿន អធិការរងប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការតាមបង្ក្រាបក្រុមជនសង្ស័យទាំងប្រុសស្រី៨នាក់ចំនួន៣ករណីនេះ បានធ្វើឡើងនៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចខាងក្រោយវិហារឯករង្សី តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោកវរសេនីយ៍ទោ អ៊ុង សឿន បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបានក្នុងប្រតិបត្តិការនេះទី១៖ឈ្មោះ រស់ ភារុន អាយុ៤០ឆ្នាំ (អ្នកជួញដូរ), ទី២៖ឈ្មោះ ចិន សុផល អាយុ២៤ឆ្នាំ (អ្នកជួញដូរ), ទី៣៖ឈ្មោះ រ៉ា ម៉ូសឹម អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ហ៊ុន រិទ្ធី អាយុ១២ឆ្នាំ, ទី៥៖ឈ្មោះ វ៉ាន់ ទៀត អាយុ៣២ឆ្នាំ, ទី៦៖ឈ្មោះ សោឡះ ពូប៉ាកើ អាយុ២២ឆ្នាំ, ទី៧៖ឈ្មោះ កែវ វួចណៃ ភេទស្រី អាយុ១៨ឆ្នាំ និងទី៨៖ឈ្មោះ ពិន សុខភាព ភេទស្រី អាយុ៣៤ឆ្នាំ។
ក្រោយបញ្ចប់ការតាមស៊ើបអង្កេត កម្លាំងសមត្ថកិច្ចបានលបឆ្មក់បង្ក្រាបភ្លាមៗ ដោយបានរកឃើញថ្នាំញៀនចំនួន៨កញ្ចប់ នូវជំហ៊ានដំបូងលើជនសង្ស័យឈ្មោះ រស់ ភារុន ហើយបន្តទៅបង្ក្រាបករណីទី២ និងទី៣ រកឃើញថ្នាំញៀន ចំនួន៩កញ្ចប់បន្ថែមទៀត លើជនសង្ស័យឈ្មោះ ចិន សុផល និងឈ្មោះ រ៉ា ម៉ូសឹម ក្នុងនោះឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនជនសង្ស័យឈ្មោះ ពិន សុខភាព បានរក្សាទុក។
ជនសង្ស័យទាំង៨នាក់ និងវត្ថុតាងពាក់ព័ន្ធសកម្មភាពជួញដូរ និងប្រើប្រាស់ថ្នាំញៀន បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕