(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមបើក ពិធីសូត្រលើកទី២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គូរអានុលការីម ថ្នាក់ជាតិឆ្នាំ២០១៩ នៅវិហារធំគីឡូម៉ែត្រលេខ៩ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសមេ្តចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងខិតខំយ៉ាងសកម្មបំផុត ក្នុងការរក្សាសុខសន្តិភាព ស្ថេរភាពសុវត្ថិភាព ការពង្រឹង និងពង្រីកខឿន សេដ្ឋកិច្ចជាតិ និងការធ្វើឲ្យមានវឌ្ឍនភាពវប្បធម៌ប្រពៃណី ក៏ដូចជាការបង្កនូវបរិយាកាស យោគយល់ចុះសម្រុងគ្នា និងភាពសុខដុមរមនា រវាងសាសនិក នៃសាសនាទាំងឡាយនៅកម្ពុជា ដើម្បីឈានទៅកាន់ការអភិវឌ្ឍសង្គមជាតិ។
លោកបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល តែងស្វាគមន៍ជានិច្ចនូវរាល់សកម្មភាពគ្រប់សាសនានៅកម្ពុជា ដែលមានលក្ខណៈជាការអភិវឌ្ឍសង្គមជាតិ ដោយគោរពច្បាប់ប្រទេសជាតិ ជាធំគោរពសិទ្ធិ និងកិត្តិយសផងគ្នា មិនរំលោភបំពានគ្នា ពិសេសនៅក្នុងការផ្សព្វផ្សាយសាសនារបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សូមស្ងើចសរសើរ ដោយស្មោះ ច៓ពោះលទ្ធផល សកម្មភាពការងារដែលគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាសម្រេច បាននាពេលកន្លងមកដើម្បីរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ការធ្វើដំណើរយ៉ាងរលូន និងសន្សឹមៗ តាមទិសដៅរបស់ខ្លួនដើម្បីបំពេញនូវទំនុកចិត្តរបស់ ព្រះអល់ឡោះ និងរបស់មនុស្សជាតិ គឺជាកត្តាមួយដ៏សំខាន់បំផុត ក្នុងការសម្រេចបាននូវផែនការទិសដៅរបស់ខ្លួន។
បន្ថែមពីនេះ តាំងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ផ្ទាល់សូមផ្ដល់នូវអនុសាសន៍ និងសំណូមពរមួយចំនួន រួមមាន៖
*ទាំងស្ថាប័នគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ថ្នាក់ដឹកនាំគ្រប់ថ្នាក់ អង្គការ សមាគមទាំងសមូហភាព និងបុគ្គលចូរខិតខំបន្ត លើកជ្រោងឲ្យបានខ្ពស់នូវទង់វប្បធម៌ និងប្រពៃណី សាមគ្គីភាព ជាចរិតសាសនា និងសង្គមជាតិ ដោយឈរនៅលើកត្តាអធ្យាស្រ័យ និងយោគយល់គ្នា សម្របសម្រួល និងសហការគ្នា ជួយដាស់តឿនកែលម្អ និងឧបត្ថម្ភគ្នា ពិសេសសូមចាត់តាំងឲ្យមានជាប្រចាំ និងរស់រវើកនូវសកម្មភាព នៃ «ដាស់តឿន ក្រឿនរំលឹកណែនាំ និងបង្ហាញជាលក្ខណៈឥស្លាម ស្ដីពី វប្បធម៌ ទាំងវប្បធម៌រូបីយ៍ និងវប្បធម៌អរូបីយ៍ជាដើម។ល។
*ដើម្បីឲ្យឥស្លាម និងវប្បធម៌ ដែលជាប្រធានបទ នៃពិធីសូត្រ និងប្រឡងចាំមាត់នាឆ្នាំនេះ ប្រកបដោយ ប្រសិទ្ឋភាពក្នុងសហគមន៍ឥស្លាម ក្នុងការអនុវត្ត សូមគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា ឥស្លាមកម្ពុជា ដាក់ចេញនូវគោលការណ៍មតិណែនាំអនុវត្ត ឬបទបញ្ញត្តិផ្សេងៗ សម្រាប់ការអនុវត្តរបស់បងប្អូនសម្រាប់ជាខ្លឹមសារ ឃោសនា ផ្សព្វផ្សាយ របស់វាគ្មិន ឬជាធម្មទេសនា នូវខ្លឹមសារ ដែលពាក់ព័ន្ធនឹង ការយកចិត្តទុកដាក់ ចំពោះវប្បធម៌ ដោយដកស្រង់ពីមូលដ្ឋាននៃគម្ពីរអាល់គួរអាន ប្រសាសន៍របស់ព្យាការី មហាំម៉ាត់ មតិយោបល់របស់ពួកអ្នកឥស្លាមវិទូ ហៅថា អ៊ូឡាម៉ា គំនិតទស្សនៈរបស់អ្នកប្រាជ្ញ ជាពិសេសប្រវត្តិសាស្រ្តនៃសាសនា និងមនុស្សជាតិ។
*គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា គប្បីបង្កើតឲ្យមានជាវគ្គបំពាក់បំប៉ន ដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់របស់ខ្លួន គ្រូឥស្លាមក្នុងក្របខណ្ឌរដ្ឋ និងខ្លឹមសារដែលពាក់ព័ន្ធការវប្បធម៌នេះ សំដៅធ្វើយ៉ាងណាឲ្យវប្បធម៌ឥស្លាម ត្រូវបានជ្រោតជ្រាបនៅក្នុងសង្គមកម្ពុជា ដែលជាបច្ច័យនាំមកនូវសុខសុវត្តិភាពជាតិ។
*វប្បធម៌ឥស្លាមគប្បីបានលើកកម្ពស់ និងបន្ដផ្សព្វផ្សាយ ឲ្យអស់ពីលទ្ធភាពរបស់ខ្លួន ទៅដល់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ តាំងពីការសិក្សាស្រាវជ្រាវ និងរៀនសូត្របន្ថែមពីគម្ពីរធម៌អាថ៌ សៀវភៅ ក្បូនតម្រា និងច្បាប់នានា បានលើកកម្ពស់កម្រិតយល់ដឹងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យវប្បធម៌ឥស្លាម ត្រូវបានលើកកំពស់ ដូចកាលជំនាន់ព្យាការី ធ្លាប់បានអនុវត្តនាកន្លងមក ព្រមទាំងស្របនឹងការខិតខំ ប្រឹងប្រែងពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកំពស់វប្បធម៌នៅកម្ពុជា។
*ការផ្ដល់សិទ្ធិ ឬយកចិត្តទុកដាក់ ចំពោះវប្បធម៌ឥស្លាម ពុំមែនសំដៅតែបុគ្គលណាម្នាក់ ឬថ្នាក់ដឹកនាំណាម្នាក់ទេ ដែលជាអ្នកទទួលខុសត្រូវ ប៉ុន្តែតាមពិតសំដៅទៅលើសាសនិកឥស្លាមទូទៅនៅកម្ពុជា។ ហេតុនេះគប្បីបំផុស ការអប់រំ សហគមន៍ឥស្លាម ដើម្បីបានចូលរួមអនុវត្តនូវរាល់សកម្មភាព របស់ជាតិដែលមិនផ្ទុយនឹងធម៌អាថ៌ សាសនាឥស្លាម ដែលពាក់ព័ន្ធនឹងការពង្រឹងខាងវប្បធម៌នេះ។
*ចូរបងប្អូនសាសនិកឥស្លាម រៀនសូត្រ ហ្វឹកហាត់ អប់រំ ដើម្បីបានប្រែក្លាយ ខ្លឹមសារដ៏ពិសិដ្ឋ របស់អល់ឡោះ ក្នុងគម្ពីរអាល់គួរអានឲ្យទៅជាសកម្មភាពពិត ជាគុណធម៌ដ៏ល្អផូរផង់ និងជាសីលធម៌ដ៏ថ្លៃថ្នូររបស់សហគមន៍ បងប្អូនដែលទាំងនោះ ជាផ្នែកមួយនៃវប្បធម៌ សាសនារបស់បងប្អូនដើម្បីបង្ហាញ ពីកិត្យានុភាព និងភាពថ្លៃថ្នូរ របស់សាសនាឥស្លាម ជូនដល់ជនដទៃទៀតដែលពុំទាន់ដឹង និងពុំទាន់យល់ ស្ដីពីសាសនានេះ។
*សូមគណៈកម្មការរៀបច៓ពិធីសូត្រ បំពេញការងាររៀងៗខ្លួន ដោយគណនេយ្យភាព និងតម្លាភាព ជាពិសេសគណៈមេប្រយោគ ពិធីសូត្រនិងប្រឡងចាំមាត់នេះ ប្រកាន់ខ្ជាប់នូវវប្បធម៌ ស្មោះត្រង់ សីលធម៌ស្អាតស្អំ ស្រឡាញ់យុត្តិធម៌ និងសុភវិនិច្ឆ័យ ស្មារតីរឹងមាំ ជៀសផុត ពីនិន្នាការលំអៀង ដោយមនោសញ្ចេតនា ដែលតែងតែដឹកនាំដោយអារម្មណ៍អាក្រក់ ក្នុងការវិនិច្ឆ័យលើការឲ្យពិន្ទុដល់អ្នកសូត្រនៅក្នុងពេលបន្តិចទៀតនេះ៕