(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា សមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងការរីកចម្រើនសព្វថ្ងៃនេះ នៅលើទឹកដីកម្ពុជាដោយសារ ការខិតខំប្រឹងប្រែង របស់ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយករងខុទ្ធកាល័យសម្ដេចតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងខណៈអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ និងសមិទ្ធផលនានា វត្តសាមគ្គីកែវមុនីរស្មី ហៅវត្តកន្ទួត ឋិតនៅក្នុងភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ2019នេះ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា «បើសិនប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ យើងចង់កសាង និងអភិវឌ្ឍន៍អ្វីៗ នៅក្នុងប្រទេសក៏អាចដំណើរការបាន យ៉ាងងាយស្រួលរលូន រួមទាំងការបណ្ដាក់ទុកវិនិយោគបរទេសលើគ្រប់វិស័យ និងកំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាក្នុងប្រទេសនោះ។ ផ្ទុយទៅវិញបើប្រទេសមួយមិនមានសុខសន្តិភាព មានសង្រ្គាមដូចនៅសីរី លីប៊ី អាហ្គានីស្ថាននោះ នាំឲ្យប្រទេសជាតិធ្លាក់នៅក្នុងគ្រោះមហន្តរាយខ្ទេចខ្ទី»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
«សុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ នៃការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រព្រមទាំងការរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋ»។
តាមរបាយការណ៍របស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា វត្តសាមគ្គីកែវមុនីរស្មី ហៅវត្តកន្ទួត កសាងឡើងនៅឆ្នាំ១៩៩៧ មានអាយុកាលជាង ២២ឆ្នាំមកហើយ ចំពោះព្រះវិហារដ៏ធំស្កឹមស្កៃ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ មានទទឹងប្រវែង១២ម៉ែត្រ បណ្ដោយប្រវែង ២១ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ ចាប់ផ្តើមកសាងនៅឆ្នាំ២០០៩ រហូតដល់២០១៨ ដោយបានចំណាយថវិកាអស់ចំនួន២៤ម៉ឺនដុល្លា ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការជាច្រើន និងព្រឹទ្ធាចារ្យ ព្រមទាំងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីដំកល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។
ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តសាមគ្គីកែវរស្មី ចំនួន ៥០លានរៀល, ម៉ាស៊ីនភ្លើង១០គីឡូវ៉ាត់ ចំនួន ២គ្រឿង និងស៊ីម៉ងត៍២០តោន, ប្រគេនដល់ទិសទាំង៩ ក្នុង១ទិសៗ ថវិកា១លានរៀល។ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតាលោកយាយជី, ក្រុមប្រឹក្សាឃុំ, អាជ្ញាធរដែនដីស្រុក ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក, កាយរិទ្ធ, កាកបាទក្រហម សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ៕