(ភ្នំពេញ)៖ អ្នកជំនួញមកពីប្រទេសថៃ នឹងបន្ដរៀបតាំងបង្ហាញផលិតផលរបស់ខ្លួននៅកម្ពុជា តាមរយៈការតាំងពិព័រណ៍ «Best Buy 2019» ដែលនឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៩នេះ។
គោលបំណងក្នុងការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មថៃ «Best Buy 2019» ដើម្បីផ្សព្វផ្សាយផលិតផលថៃ ដែលជាផលិតផលមានគុណភាពល្អ តម្លៃសមរម្យ និងជាការថ្លែងអំណរគុណ ដល់អតិថិជនដែលគាំទ្រទំនិញថៃ ឲ្យមានឱកាសបានទិញទំនិញ ពីម្ចាស់រោងចក្រដោយផ្ទាល់ និងក្នុងតម្លៃដែលធានាបានថោក ជាងតម្លៃលើទីផ្សារ។ ពិព័រណ៍ផលិតផលថៃរំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីអតិថិជនកម្ពុជា និងជាឱកាសក្នុងការជំរុញឲ្យអាជីវករថៃ-កម្ពុជា សហការគ្នាជាដៃគូរពាណិជ្ជកម្មបានច្រើន។
លោក Thanwat Maneekornjongsiri មកពីក្រុមហ៊ុន Victory Provider ជាក្រុមហ៊ុនរៀបចំពិព័រណ៍ «Best Buy 2019» បានឲ្យដឹងថា ពិព័រណ៍នេះគ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
លោកបន្ដថា «នេះជាលើកទី៣ដែលក្រុមហ៊ុនរបស់យើងខ្ញុំ បានរៀបចំពិព័រណ៍ផលិតផលនេះ នៅទីក្រុងភ្នំពេញបន្ទាប់ពីការតាំងពិព័រណ៍កាលពីឆ្នាំមុនទទួលបានជោគជ័យខ្លាំង និងគួរឲ្យកត់សំគាល់»។
លោកបន្ដថា កាលពីឆ្នាំទៅមិញបន្ទាប់ពីចប់ការតាំងពិព័រណ៍នៅកម្ពុជាឃើញថា អាជីវករថៃ-កម្ពុជាជាច្រើនរូបចាប់ដៃគ្នារកស៊ី។ ម៉្យាងវិញទៀតបងប្អូនប្រជាជនកម្ពុជា បានដើររើសទិញឥវ៉ាន់ដែលមានគុណភាពល្អៗពីម្ចាស់ Brand ដោយផ្ទាល់ថែមទៀតផង។
លោក Sutas Thanasiripreeda មកពីក្រុមហ៊ុន Victory Provider ក៏បានឲ្យដឹងថា កម្មវិធីលើកនេះនឹងរៀបចំឡើង តាមរូបរាងបែបថ្មីតាម «Concept Factory Outlet» មានន័យថានាំ Brand របស់ផលិតផលនីមួយៗមកដាក់តាំងលក់លើសពីនេះទៅទៀត ក៏មានរៀបចំជាផ្នែក Business Matching ដោយធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច។
លោកបន្ថែមថា ហើយនៅថ្ងៃទី២-៣ជាថ្ងៃដាក់តាំងលក់ផលិតផល ហើយជាឱកាសល្អសម្រាប់ សំរាប់អ្នកធុរកិច្ចដែលត្រូវការដើរមើលផលិតផលថ្មីៗ។
លោកបញ្ជាក់ថា ផលិតផលដែលដាក់តាំងលក់ ក្នុងសាលពិព័រណ៍សុទ្ធសឹងតែផលិតផល មកពីប្រទេសថៃដែលជាផលិតផលម៉ាកល្បីៗជាច្រើន។ លើសពីនេះក៏មានផលិតផល ពីបរទេសផ្សេងៗជាផលិតផលថ្មីៗ និងមានគុណភាពខ្ពស់ពីម្ចាស់ប្រេនផ្សេងៗ និងម្ចាស់រោងចក្រផ្ទាល់ដែលមកដាក់តាំងបង្ហាញ ក្នុងកម្មវិធីពិព័រណ៍នេះ។
លោកឲ្យដឹងទៀតថា ផលិតផលដែលនាំមកតាំងពិព័រណ៍នេះ សុទ្ធសឹងជាផលិតផលមានគុណភាពល្អ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាជាវយកទៅប្រើប្រាស់
ហើយនេះក៏ជាការសបញ្ជាក់ថា ផលិតផលដែលនាំយកមកតាំងពិព័រណ៍នេះ ជាផលិតផលមានគុណភាពល្អពិតៗ។
លោកបន្ថែមថា នេះជាឱកាសល្អបំផុតសម្រាប់បងអាជីវករកម្ពុជា និងថៃ ដើម្បីសហការគ្នាធ្វើតំណាងចែកចាយនៅកម្ពុជា និងដើម្បីចែកចាយផលិតល្អៗនាំមកពីថៃ ចែកចាយទៅដល់ប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់យ៉ាងពេញទំហឹងផងដែរ។
សូមបញ្ជាក់ថា ពិព័រណ៍ «Best Buy 2019» មានដាក់តាំងផលិតផលជាច្រើនដូចជា៖ សំលៀកបំពាក់, ស្បែកជើង, គ្រឿងអលង្ការ, អាហារ, សំភារៈតុបតែងផ្ទះ, គ្រឿងទេស និងផ្សេងៗទៀត។ ក្នុងនោះក៏មានការប្រគុំតន្ត្រីរបស់តារាចម្រៀងកម្ពុជា និងតារាថៃផងដែរ៕