(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុក បន្ទាប់ពីមានពីមានជនរងគ្រោះ មកដាក់ពាក្យបណ្តឹងអំពីករណី ត្រូវបានចោរលួចរថយន្តបាត់ កាលពីប៉ុន្មានម៉ោងមុននោះ។ ពេលនេះ កម្លាំងនគរបាលបានកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនជនសង្ស័យ បានតែម្តងប្រើរយៈពេលត្រឹមតែ៦ម៉ោង។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចផ្ទះល្វែងជាន់ទី៣ ទល់មុខផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យិន តារា អាយុ៤៧ឆ្នាំ អតីតមន្ត្រីយោធា ត្រូវបណ្តេញចេញពីអង្គភាព បច្ចុប្បន្នរស់នៅផ្ទះល្វែងជាន់ទី៣ លេខ២០អ៊ឺ១សេ និងមានស្រុកកំណើតភូមិខ្សាម សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះឡាច ចរិយា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរក្រុមហ៊ុនស្នាក់នៅ ផ្ទះលេខ២២E ២ភូមិតាងួន សង្កាត់កាកាបទី១ ស្រុកកំណើតនៅភូមិកោះគរ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះរថយន្តដែលបាត់ម៉ាកកូរ៉ូឡាពណ៌ខ្មៅ សេរីឆ្នាំ២០០៤ពាក់ស្លាកលេខ ភ្នំពេញ 2E-7708។
បច្ចុប្បន្ន នគរបាលស្រាវជ្រាវបន្តនីតិវិធីឆែកផ្ទះរបស់ជនសង្ស័យ ដើម្បីរកវត្ថុតាងបន្ថែម និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ចាត់ការបន្តតាមផ្លូវច្បាប់៕