(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សាកសួរនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក វេង ហត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត និងចេញសែកអត់លុយ។
សូមបញ្ជាក់ថា ក្រោយពីបើកការស៊ើបសួរលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ រំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមមាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
គួររំលឹកថា ជនត្រូវចោទខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋាន មួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ពាក់ព័ន្ធ បទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ៕