(ស្វាយរៀង)៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយបាញ់ទឹក និងជះពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈដែលម្ចាស់ផ្ទះយកភ្លើង មកដុតសំបុកឪម៉ាល់ ក្នុងផ្ទះរបស់ខ្លួនមិនប្រយ័ត្ន។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៨យប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។
បើតាមសមត្ថកិច្ចនគរបាល ស្រុករមាសហែក បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ សៅ អ៊ាន អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិចុងព្រែក ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។
ចំពោះផ្ទះដែលខូចខាត មានបណ្ដោយទទឹងទំហំ៦ម៉ែត្រ គុណ៦ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស្លឹក សម្ភារខូចខាតរួមមាន៖ ស្រូវចំនួន២៥០គីទ្បូ សសរផ្ទះ១២ដើម ម៉ាស៊ីនបាញ់ថ្នាំ ស្រូវ១គ្រឿង កង់១គ្រឿង និងលុយមួយចំនួនធំ។
បើតាមម្ចាស់ផ្ទះ បានឲ្យដឹងថា មុនកើតហេតុ គឺគាត់មានគោលបំណង យកសំបុកឪម៉ាល់ចេញពីក្នុងផ្ទះរបស់ខ្លួន បន្ទាប់មកក៏បានយកភ្លើង មកដុតសំបុកនោះ ប៉ុន្តែមិនប្រយ័ត្នស្រាប់តែឆាបឆេះឡើង ធ្វើឲ្យគាត់ស្រឡាំងកាំង និងស្រែកហៅអ្នកភូមិ នាំគ្នាជួយបាញ់ពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ៕