(កំពង់ឆ្នាំង)៖ ជនជាប់សង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះជាថៅកែទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨កន្លងទៅនោះ ត្រូវបានលើកលែងការចោទប្រកាន់។ នេះបើយោងតាមលិខិតជូនដំណឹងមកកាន់ក្រុមគ្រួសារជនរងគ្រោះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ថៅកែសិប្បកម្មទឹកសុទ្ធលោក ប៊ិន ហឿន អាយុ៦១ឆ្នាំ ត្រូវបានជនប្រដាប់អាវុធម្នាក់ បាញ់ដោយអាវុធវែង៣គ្រាប់ ចំចង្កេះបណ្ដាលឲ្យដួលស្លាប់នៅក្រោមរថយន្តទឹកសុទ្ធ ខណៈចូលប្លន់ភ្ជង់ទាររកលុយមិនបានសម្រេច នៅក្នុងភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្រោយមានករណីឃាតកម្មនេះកើតឡើង កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបើកការស្រាវជ្រាវ រហូតតាមឃាត់ជនសង្ស័យម្នាក់មានឈ្មោះ ឆោម ឆន អាយុ៤៨ឆ្នាំ មុខរបរបុគ្គលិកអង្គការ ទីកន្លែងកំណើតភូមិព្រៃធំ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ទីលំនៅបច្ចុប្បន្ន ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
យោងលិខិតជូនដំណឹងរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង លោកខៀវ ផាន់ណា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា «យើងបានសម្រេច ចេញដីកាសម្រេចលើក លែងការចោទប្រកាន់តាមមាត្រា២៤៧ថ្មី នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយលើកលែងការចោទប្រកាន់លើឈ្មោះ ឆោម ឆន ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅភូមិត្រពាំងជ្រៃ ឃុំខ្នងពពក ស្រកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ»។
សម្រាប់ករណីឃាតកម្មនេះ មុនពេលកើតហេតុ បុរសរងគ្រោះ បានដើរមកពីរោងសិប្បកម្មទឹកសុទ្ធ នៅទិសខាងត្បូងទល់មុខផ្ទះ ដើរមកផ្ទះវិញដោយមានជនពាក់មួក ពណ៌ខ្មៅបិតមុខជិត ឃើញតែប្រឡោះភ្នែក ស្លៀកពាក់ខោអាប៉ារ៉ា ដើរភ្ជង់ពីក្រោយដោយកាន់កាំភ្លើងវែងមួយដើមផង។ ពេលមកដល់មុខផ្ទះបុរសរងគ្រោះ បានស្រែកប្រាប់ចៅឈ្មោះ ហឿន ម៉េងហាក់ និងក្មួយៗ២នាក់ទៀត ដែលកំពុងរៀបទឹកសុទ្ធនៅលើឡានថា៖ «អាហាក់ទៅយកលុយមកឲ្យគេ ភ្លាមនោះឈ្មោះហាក់ បានសួរថា តើតាឯងជំពាក់លុយអ្នកណា»។ ខណៈនោះទើបឈ្មោះហាក់ បានឃើញគេភ្ជង់តារបស់ខ្លួនជាប់ពីក្រោយ។
ក្នុងពេលនោះដែរ ឈ្មោះហាក់ លើកទូរស័ព្ទ ប្រុងតេទៅពូឈ្មោះ ធីម ឲ្យយកលុយមកឲ្យ តែត្រូវជនបិតមុខស្រែកថា៖ «បើហ៊ានលើកទូរសព្ទ័ម្តងទៀតអញ នឹងបាញ់ឲ្យងាប់ទាំងអស់គ្នា»។ ខណៈនោះក្នុងពេលជនបិតមុខបែរកាំភ្លើងទៅភ្ជង់ឈ្មោះ ហាក់ បុរសរងគ្រោះក៏បានរត់គេចមកផ្លូវមុខផ្ទះ តែរត់មិនបានតែ២ទៅ៣ជំហាន ក៏ត្រូវជនល្មើសបាញ់ចំចង្ហេះពីក្រោយចំនួន៣គ្រាប់ ដួលស្លាប់រមៀលចូលក្រោមឡានទឹកសុទ្ធ។ ក្នុងពេលនោះដែរ ចៅ និងក្មួយបុរសរងគ្រោះទាំង៣នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបានដោយសុវត្ថិភាព។ ចំណែកជនល្មើសក៏បានដើរទៅឡើងម៉ូតូម៉ាកវេវ ចាស់មួយគ្រឿង ជិះចេញទៅទិសខាងកើតបាត់ស្រមោល រហូតត្រូវបានចាប់ខ្លួន៕