(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោកស្រី អមដំណើរដោយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិគ្រោធារាម ហៅវត្តជីហែ ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អស់រយៈកាល៤០ឆ្នាំមកនេះ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។
លោកបន្ថែមថា ពេលបច្ចុប្បន្ននេះ ចំពោះមន្រ្តីរាជការកំពុងបំពេញការងារ និងមន្រ្តីរាជការ ដែលចូលនិវត្តន៍ គឺទទួលបានការព្យាបាល មិនអស់លុយ ជាពិសេសចំពោះជំងឺទឹក នោមផ្អែម និងជំងឺលើសឈាម នៅមន្ទីរពេទ្យដែលមានដាក់ផ្លាក ប.ស.ស គឺរដ្ឋាភិបាលជាអ្នកចំណាយ លើថ្លៃព្យាបាលទាំងអស់។
លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ទៀតថា ចំពោះមន្រ្តីរាជការដែលបានចំណាយទៅលើការទិញថ្នាំព្យាបាលនៅក្នុងកំឡុង ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺរដ្ឋចេញថ្លៃការទិញថ្នាំនោះឲ្យទាំងអស់ផងដែរ បើសិនជាមានវិក្កិយបត្រត្រឹមត្រូវ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានឲ្យដឹងថា បច្ចុប្បន្នដោយសារតែវីទ្យាសាស្រ្តទំនើប បានធ្វើឲ្យមនុស្សលើពិភពលោកមានការងារមមាញឹកច្រើន ក្នុងនោះនៅបរទេសមានមនុស្សធ្វើអត្តឃាតខ្លួនឯងច្រើន ដោយសារតែការមួរម៉ងនៅក្នុងចិត្តពិបាករស់នៅក្នុងបរិយាកាសអាប់អួររ ឬក៏នឿយណាយ នៅក្នុងការងាររបស់ខ្លួន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ មនុស្សលើពិភពលោកបានងាកមកធ្វើវិបស្សនា នៅតាមសាលាធ្វើវិបស្សនា តាមបែបមេរៀនរបស់សាសនាព្រះពុទ្ធ ដោយបដិបត្តិបែបនេះ ធ្វើឲ្យពួកគេទទួលបានការស្ងប់ចិត្តល្អជាងសាសនាដទៃ។
សូមជម្រាបថា អភិបាលស្រុកកោះសូទិន លោក ផេន សុផល បានឲ្យដឹងថា សមិទ្ធផលនៅក្នុងវត្តត្រូវបានសម្ពោធនាពេលនេះ មានដូចជា សាលាឆាន់មួយខ្នង, ខឿនព្រះវិហារមួយកន្លែង, ការចាក់ដីទំនប់ក្នុងបរិវេណវត្ត, ដំបូលព្រះវិហារ, អាងទឹកថ្មីសាងសង់រួច១កន្លែង និងកុដិថ្មី១ខ្នងផងដែរ៕