(រតនគិរី)៖ ទេសរដ្ឋមន្ដ្រី លី ធុជ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាសមាជិក ក្រុមប្រឹក្សាភូមិ ឃុំ ស្រុកទូទាំងស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលធ្វើឲ្យប្រទេសជាតិ មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
ក្នុងពិធីសំណេះសំណាលនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញនូវមោទនភាពថា ចាប់ពីក្រោយសម័យអង្គរ គ្មានមេដឹកនាំខ្មែរណា អាចដឹកនាំប្រទេសឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងជាពិសេសអធិបតេយ្យភាពជាតិពេញបរិបូណ៍ ដូចសម័យតេជោនេះឡើយ។
លោកទេសរដ្ឋមន្ត្រី ស្នើឲ្យសមាជិក សមាជិកា ដែលមានតួនាទីជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បម្រើ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខុសបំផុត ដោយយកប្រយោជន៍ប្រជាជន និងជាតិជាធំដូចថ្នាក់ដឹកនាំកំពូលៗរបស់យើង។
ជាមួយគ្នានោះ លោកស្នើសមាជិក សមាជិកាទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់ និងជឿជាក់លើការដឹកនាំប្រទេស របស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការបង្កើតទីផ្សារការងារ និងទីផ្សារផ្សេងៗទៀត ជូនប្រជាពលរដ្ឋ ជាពិសេសការរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងអធិបតេយ្យភាពជាតិ។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រី ក្នុងនាមលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី សូមថ្លែងយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកា ដែលតែងតែខិតខំប្រឹងប្រែងបំពេញការងារអស់កម្លាំងកាយចិត្ត ដើម្បីជាតិមាតុភូមិ និងគណបក្សប្រជាជនកម្ពុជា៕