(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បានលើកឡើងថា ការធ្វើជំរឿនប្រជាជន គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នា ត្រូវតែសម្រេចឲ្យបានជោគជ័យ។
ទេសរដ្ឋមន្ដ្រី ឆាយ ថន បានសង្កត់ធ្ងន់បែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងទិសដៅសម្រាប់ដំណើរការជំរឿនឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ទទួលបន្ទុកការងារជំរឿន មន្ត្រីជំរឿនថ្នាក់ខេត្ត និងមន្ត្រីជំរឿនថ្នាក់តំបន់ អញ្ជើញមកចូលរួមទាំងអស់។
លោក ឆាយ ថន បានសង្កត់ធ្ងន់ ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធទាំងអស់ កុំគិតថាការងារជំរឿននេះជាការងារងាយស្រួលពេក ត្រូវប្រឹងប្រែងធ្វើឲ្យបានល្អ ផ្សាភ្ចាប់នឹងបទពិសោធន៍ដែលមានកន្លងមក ត្រូវសហការគ្នាឲ្យបានល្អជិតស្និទ។
លោកថា «ការងារជំរឿនឆ្នាំ២០១៩លើកទីបីនេះ គឺយើងធ្វើដោយខ្លួនយើងផ្ទាល់ ថវិការបស់ជាតិយើងផ្ទាល់ គ្មានជំនាញការណាមកជួយយើងទេ តាមរយៈបទពិសោធន៍កន្លងមក យើងត្រូវប្រឹងប្រែងខ្លួនឯង ឲ្យទទួលបានលទ្ធផលល្អ ហើយការធ្វើជំរឿនប្រជាជននេះ គឺជាការងារដ៏ធំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ ហើយជាការងារស្ថិតិពិតប្រាកដមួយ ដែលយើងទាំងអស់គ្នាត្រូវតែសម្រេចឲ្យបានជោគជ័យ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ក៏បានចេញសារលិខិតអំពាវនាវជូនចំពោះជនរួមជាតិកម្ពុជា សូមជួយគាំទ្រ និងចូលរួមក្នុងការងារនេះដោយរីករាយ ផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនដល់មន្ត្រីធ្វើជំរឿនប្រជាជន ដើម្បីជាប្រយោជន៍របស់បងប្អូន ជនរួមជាតិ និងជាប្រយោជន៍របស់ប្រទេសជាតិផង៕