(ស្វាយរៀង)៖ លោក ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្រុងស្វាយរៀង បានចុះពិនិត្យគម្រោង កែលម្អផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង២,៦៤៣ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួនមួយកន្លែង មានមុខកាត់០.៨០ម៉ែត្រ ស្ថិតនៅភូមិចេក ទទា ចំបក់ និងភូមិស្វាយក្នុង សង្កាត់ចេក ក្រុងស្វាយរៀង។
នៅក្នុងការពិនិត្យគម្រោងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏មានការចូលរួមពីសំណាក់លោក យ៉ង់ មណីរ័ត្ន ក្រុមការងារចុះជួយក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
បើតាមលោក យ៉ង់ មណីរ័ត្ន បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវនេះ ជាការផ្តូចផ្តើមរបស់លោក ជុក មុន្នី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង និងលោក សំ សិរីរតន៍ អនុប្រធានក្រុមការងារ ក្នុងនោះដោយមានការគាំទ្រពីលោក ម៉ែន វិបុល ជាអភិបាលខេត្ត និងក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង និងសង្កាត់ចេក ព្រមទាំងសប្បុរសជន ហើយនេះជាគម្រោងទី៣ ហើយបន្ទាប់ពីគម្រោងស្តារ ប្រទ្បាយ១ខ្សែប្រវែង១,៨៧៤ម៉ែត្រ និងគម្រោងជួសជុលផ្លូវដីក្រាលខ្សាច់ភ្នំ១ខ្សែប្រវែង១,១៤៥ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន៤កន្លែង។
ថ្លែងក្នុងឱកាសនោះ លោក ជុក មុន្នី បានលើកឡើងថា គម្រោងទាំងបីនេះ មានភាពងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ និងប្រកបការងារអាជីវកម្មផ្សេងៗ ជាពិសេសិស្សានុសិស្សធ្វើដំណើរទៅសាលារៀនប្រជាពលរដ្ឋមានប្រឡាយរំដោះទឹកមិនបណ្តាលឲ្យលិចស្រូវ លំនៅឋាន ផលដំណាំ និងមានប្រភពទឹកអាចប្រើប្រាស់បាន។
ការចំណាយថវិកាក្នុងការអនុវត្តគម្រោងនេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារ ក្រុមប្រឹក្សាសង្កាត់ សប្បុរសជន និងប្រជាពលរដ្ឋភូមិចេក។ ក្នុងការអនុវត្តគម្រោងទទួលបានជោគជ័យក៏ដោយមានការចូលរួមបរិច្ចាគដីធ្លី និងទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋដែលមានដីធ្លី និងទ្រព្យសម្បត្តិនៅជាប់គម្រោង។
លោក ជុក មុន្នី ក៏បានសំណូមពរប្រជាពលរដ្ឋទាំងដែលប្រើប្រាស់លើផ្លូវនេះ សូមជួយចូលរួមថែរក្សាផ្លូវទាំងនេះឲ្យនៅបានល្អដោយមិនត្រូវដឹកទំនិញលើសចំណុះដែលច្បាប់ហាមឃាត់នោះទេ៕