(ភ្នំពេញ)៖ ភិក្ខុ ង៉ែត រ៉ាល់ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះចៅអធិការវត្តច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំនួសអន្ទិត ហោ សុខុន ត្រូវបានបញ្ចប់តួនាទីព្រះចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ និងសង្ឃនាយក កាលពីពេលកន្លងទៅ។
ពិធីនេះ ត្រូវបានធ្វើឡើងដោយក្រោមអធិបតីភាព សម្ដេចសង្ឃនាយក សម្ដេច នន្ទ ង៉ែត និងមេគណៈរាជធានីភ្នំពេញ សម្ដេច ឃឹម សន មានការនិមន្ដ-ចូលរួមពីព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។
ក្នុងពិធីនៅព្រឹកមិញនេះ ក្រៅពីភិក្ខុ ង៉ែត រ៉ាល់ ដែលត្រូវបានតែងតាំងជា ចៅអធិការវត្តច្បារអំពៅនោះ, ភិក្ខុ ហាស់ សុជាតិ ត្រូវបានតែងតាំងជា គ្រូសូត្រស្ដាំ និងមួយអង្គទៀតជាគ្រូសូត្រឆ្វេង ព្រមទាំង៥អង្គផ្សេងទៀត តែងតាំងជាគណៈវិន័យ និងលេខា។
សូមរំលឹកថា ព្រះតេជគុណ ហោ សុខុន ត្រូវបានគណៈសង្ឃសម្រេចផ្សឹកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ នេះនៅវត្តបុទុមវតី បន្ទាប់ពីបានផ្សឹកហើយនោះ លោក ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។
ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានការចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕