(មណ្ឌលគិរី)៖ តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ថង សាវុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រួមជាមួយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ ស.ស.យ.ក ខេត្តមណ្ឌលគិរី និងផ្សព្វផ្សាយលទ្ធផលមហាសន្និបាត ស.ស.យ.ក តំណាងទូទាំងប្រទេសលើកទី៤។
ថ្លែងក្នុងឱកាសនោះ លោក ថង សាវុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក ខេត្តមណ្ឌលគិរីទាំងមូល ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្តក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលយ៉ាងផ្កែផ្កាគួរជាទីមោទនៈ។
ដើម្បីចូលរួមចំណែកបង្កើនប្រសិទ្ធភាព នៃបេសកកម្មរបស់ស.ស.យ.ក ខេត្ត ជាពិសេសស្របតាមស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ លោក ថង សាវុន ក្នុងនាមគណៈកម្មាធិការកណ្តាល បានរំលឹកបន្ថែមពីមតិផ្តាំផ្ញើនៃភារកិច្ចធំៗពីរ ក្នុងសុន្ទរកថាបើកមហាសន្និបាតលើកទី៤ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ។
ក្នុងនោះទី១៖ ចូលរួមឲ្យកាន់តែសកម្មក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិមាតុភូមិ ឲ្យក្លាយជាប្រទេសរីកចម្រើនក្នុងតំបន់ ជាសង្គមប្រកបដោយអារ្យធម៌ និងសេចក្តីស្រលាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ, ទី២៖សមាជិក សមាជិកា ស.ស.យ.ក ម្នាក់ៗត្រូវខិតខំរៀនសូត្រលត់ដំខ្លួន ក្នុងចលនារបស់ប្រជាជនមហាជន ដើម្បីក្លាយជាអ្នកដឹកនាំល្អ នាពេលអនាគត ដែលមានស្មារតី ស្នេហាជាតិ បរិសុទ្ធ មានសមត្ថភាព មានគុណភាព និងឆន្ទៈមោះមុត ក្នុងការថែរក្សាឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី ឲ្យបានរឹងមាំ ក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។
លោក ថង សាវុន ក៏បានជំរុញឲ្យយុវជនត្រូវអនុវត្តនូវប្រសាសន៍ដ៏មានអត្ថន័យ និងស៊ីជម្រៅរបស់សម្តេចតេជោ ហ៊ុន សែន ក៏ក្នុងនោះស.ស.យ.ក ត្រូវចូលរួមក្តាប់ឲ្យជាប់នូវសន្តិភាព ស្ថិរភាព និងចូលរួមចំណែកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គមឈានទៅរកការសម្រេចឲ្យបាន នូវគោលដៅរួមរបស់កម្ពុជា គឺជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បន្ថែមពីលើនេះ លោកបានផ្តល់អនុសាសន៍ អាទិភាពមួយចំនួន ដល់ថ្នាក់ដឹកនាំគណៈកម្មាធិការខេត្តទាំងមូលឲ្យបន្តយកទុកចិត្តទុកដាក់ចំណុចសំខាន់ៗ រួមមាន៖
*បន្តរៀបចំ និងអនុវត្តផែនការសកម្មភាពស.ស.យ.ក. ខេត្ត ដោយមានការតាមដានជាប្រចាំទៅតាមលទ្ធភាព និងស្ថានភាពជាក់ស្ដែងរបស់ខេត្ត ធ្វើយ៉ាងណាឲ្យស្របទៅតាមផែនការយុទ្ធសាស្ត្រស.ស.យ.ក «ចលនាយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០១៨- ២០២៣» ដែលជាទិសដៅការងារស.ស.យ.ក. សម្រាប់អាណត្តិថ្មី ដែលទទួលបានការអនុម័តពីមហាសន្និបាតលើកទី៤ ដោយមានការផ្សារភ្ជាប់ជាប្រចាំជាមួយលេខាធិការដ្ឋាន ស.ស.យ.ក ថ្នាក់កណ្តាល ដើម្បីធានានូវសង្គតិភាពការងារជារួមរបស់ស្ថាប័ន។
*បន្តជំរុញ និងលើកទឹកចិត្តឲ្យមានការរៀបចំ «វគ្គបំប៉នថ្នាក់ទី១២» ឲ្យបានផុសផុល និងកាន់តែទូលំទូលាយដើម្បីផ្ដល់ឱកាសដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នាពេលខាងមុខនេះ អាចទទួលបានជោគជ័យជាមួយបរិមាណច្រើន ប្រកបដោយគុណភាពពិតប្រាកដ ក្នុងគោលបំណងចូលរួមកសាងធនធានយុវជនបន្តវេន ដែលជាសសរទ្រូងដ៏រឹងមាំសម្រាប់កម្ពុជានាពេលអនាគត។
*បន្តពង្រឹងនូវរចនាសម្ព័ន្ធរបស់ខ្លួន និងរបៀបរបបការងារ ជាពិសេសការរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន និងខិតខំពង្រឹង និងពង្រីកនូវរចនាសម្ព័ន្ធបន្ថែមទៀត នៅតាមមូលដ្ឋាន និងស្ថាប័នជុំវិញខេត្តផ្សេងៗទៀត។ បន្ថែមពីលើនោះ គណៈកម្មាធិការខេត្តត្រូវយកចិត្តទុកដាក់ ក្នុងការពង្រឹងនូវអត្តសញ្ញាណ ស.ស. យ.ក ជារួមដែលតាមរយៈកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០១៦ នាពេលកន្លងមក បានសម្រេចជ្រើសរើសយកពាក្យស.ស.យ.ក ជឿជាក់លើកម្ពុជា ជាពាក្យស្លោករបស់ខ្លួន។
*ការពង្រឹង និងពង្រីកនូវសមាជិក ស.ស.យ.ក ឲ្យបានទាំងបរិមាណ និងគុណភាព។ ក្នុងន័យនេះ ត្រូវខិតខំយកចិត្តទុកដាក់ពន្យល់ណែនាំឲ្យយុវជន និងសមាជិក សមាជិកា ទាំងអស់យល់ពីបុព្វហេតុរួមរបស់ ស.ស.យ.ក គុណតម្លៃ នៃសកម្មភាពនីមួយៗ របស់យើងដែលបានធ្វើកន្លងមក។ ដូចគ្នានេះ គប្បីពន្យល់ណែនាំសមាជិក សមាជិកា និងយុវជនទូទៅឲ្យយល់ដឹងពីមូលហេតុ ឬគុណតម្លៃនៃសកម្មភាព ដែលគណៈកម្មាធិការ ស.ស.យ.ក ខេត្តខ្លួនឯងរៀបចំឡើង ឬសកម្មភាពដែលយើងចូលរួមធ្វើជាមួយស្ថាប័នដទៃ ឬសកម្មភាពនានារបស់ ស.ស.យ.ក ថ្នាក់កណ្តាល៕