(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុនក្រុមហ៊ុនម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើការអភិវឌ្ឍនៅកម្ពុជា និងសក្តានុពលនៃការវិនិយោគ។ ក្រុមហ៊ុននេះបានបង្ហាញបំណងវិនិយោគលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញចំណាប់អារម្មណ៍ចំពោះការវិនិយោគនេះ បានធ្វើឡើងនៅថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពេលលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ (Mohammad Omar Bin Haider Holding Group P.S.C) នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត់ ដឹកនាំដោយលោក អាប់ដូ អាលី កាយាលី (Abdo Ali Kayali) នាយកចាត់ការទូទៅ និងទំនាក់ទំនងអន្តរជាតិ និងលោក ណាជី ប៊ូ ហ្វេករេឌីន (Naji Bou Fakhreddine) នាយកទទួលបន្ទុកការអភិវឌ្ឍន៍ធុរកិច្ច នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
លោក អាប់ដូ អាលី កាយាលី បានសម្ដែងការកោតសរសើរ និងភ្ញាក់ផ្អើលពីកម្រិតនៃការអភិវឌ្ឍរបស់កម្ពុជាលើសពីការស្មានរបស់លោក ជាពិសេសការរីកចម្រើនលើវិស័យអចលនទ្រព្យ ដែលជាកត្តាមួយសម្រាប់ពង្រឹងភាពជឿជាក់ដល់ធុរជនដូចជារូបលោក។
លោកបន្តជម្រាបជូនអំពីចំណាប់អារម្មរណ៍របស់ក្រុមហ៊ុនលោកលើការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វិស័យកសិកម្ម ជាពិសេសស្រូវអង្ករ និងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ចំពោះវិស័យកាត់ដេរ លោកបានជម្រាបថា ក្រុមហ៊ុនរបស់លោកមានរោងចក្រនៅប្រទេសបង់ក្លាដេសរួចហើយ ប៉ុន្តែលោកចង់ពង្រីកផលិតកម្មបន្ថែមនៅប្រទេសកម្ពុជា ដោយយល់អំពីបរិយាកាសធុរកិច្ចល្អ និងកត្តារួមផ្សំដទៃទៀតក្នុងវិស័យនេះ។
សម្រាប់កសិកម្មវិញ លោកមានបំណងស្វែងយល់ពីបន្ថែមពីការធ្វើអាជីវកម្មស្រូវអង្ករ ដោយក្រុមហ៊ុនរបស់លោកមិនត្រឹមតែចង់ធ្វើការនាំចេញអង្ករទៅប្រទេសនៅតំបន់បជ្ឈឹមបូព៌ា តែក្រុមហ៊ុនរបស់លោក ក៏ចង់មកវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មអង្ករទាំងមូលពីការធ្វើស្រែរហូតដល់ការនាំចេញ។ ចំពោះវិស័យទេសចរណ៍ក្រុមហ៊ុនរបស់លោកក៏មានចំណាប់អារម្មណ៍ផងដែរ ដោយក្រុមហ៊ុនមានសណ្ឋាគារមួយចំនួននៅប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់។
ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះលោកទាំងពីរ ដែលបានវាយតម្លៃខ្ពស់មកលើការរីកចម្រើនរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា លទ្ធផលនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោក បានបន្តជម្រាបជូនថា ប្រទេសកម្ពុជាស្វាគមន៍គ្រប់ការវិនិយោគទាំងអស់ និងមានបរិយាកាសធុរកិច្ចមួយដែលបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិន។ ជាព័ត៌មានបន្ថែមលើវិស័យកាត់ដេរ លោកបានឲ្យដឹងថា វិស័យកាត់ដេរកម្ពុជា ជាគំរូមួយដ៏ល្អរបស់ប្រទេសទាំងឡាយ ដោយកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុលោមតាមស្តង់ដាររបស់អង្គការពលកម្មពិភពលោក តាមរយៈការអនុវត្តកម្មវិធី «រោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia)» ដែលតាមដាន បណ្ដុះបណ្ដាល និងណែនាំយ៉ាងម៉ត់ចត់ដល់រោងចក្រទាំងឡាយ។
ចំពោះកសិកម្ម លោករដ្ឋមន្ត្រីលើកទឹកចិត្តឲ្យក្រុមហ៊ុនពិនិត្យ និងពិភាក្សាបន្តជាមួយក្រុមហ៊ុនឯកជន ក៏ដូចជាសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចាប់ជាដៃគូជាមួយគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ តាមរយៈការសាងសង់រោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្ដុក និងធ្វើទំនើបកម្មផ្សេងៗ សម្រាប់ឲ្យកម្ពុជាអាចនាំចេញបានរឹតតែច្រើននៅថ្ងៃមុខ។
លើវិស័យទេសចរណ៍ លោកបានជម្រាបថា តម្រូវការសណ្ឋាគារថ្នាក់ខ្ពស់ គឺនៅមានច្រើន ទោះបីជាសណ្ឋាគារធំៗមួយចំនួនមានវត្តមាននៅប្រទេសកម្ពុជាហើយក៏ដោយ ដូចនេះលោករដ្ឋមន្ត្រី បានជម្រាបឲ្យ ក្រុមហ៊ុនបន្តស្វែងយល់ពីវិស័យនេះ ក៏ដូចជាសង្កេតមើលដៃគូអចលនទ្រព្យដែលមានសក្ដានុពល។
សូមជម្រាបជូនថា ក្រុមហ៊ុន ម៉ូហាម៉េតអូម៉ារប៊ីនហៃឌឺរ មានអាយុកាលប្រមាណ ៩០ឆ្នាំមកហើយ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធប្រមាណ ៦០ក្រុមហ៊ុន និងធុរកិច្ចនានានៅក្នុងប្រទេសចំនួន៥ នៅក្នុងទ្វីបអាស៊ី និងអឺរ៉ុប៕