(ភ្នំពេញ)៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញដែលតាមរយៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបញ្ចេញសារដែលមាន លក្ខណៈបំពាននិងរំលោភលើគោលការណ៍រដ្ឋមួយមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋមួយទៀតដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិបាននិងកំពុងតែរំលោភ បំពានលើច្បាប់ទម្លាប់ការទូត។ ក្រោយពីព្យាយាមរលាស់ខ្លួន ចេញពីការទទួលខុសត្រូវក្នុងឧក្រិដ្ឋកម្មទម្លាក់គ្រាប់បែកប្រមាណ ៣លានតោនលើក្បាលខ្មែរ និងការមិនទទួលស្គាល់ថាខ្លួនគាំទ្រ លន់ នល់ និងស៊ីសុវត្ថិ សិរិមតៈទម្លាក់សម្តេចឪ នរោត្តម សីហនុ នាំឱ្យមានសោកនាដកម្មរបបបបរល័យពូជសាសន៍ខ្មែរក្រហមស្លាប់ខ្មែររាប់លាននាក់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានចេញសារមួយទៀតដែលមាន លក្ខណៈញុះញង់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងលូកដៃចូលក្នុងសមត្ថកិច្ចតុលាការកម្ពុជាយ៉ាងពិតប្រាកដ។ នេះគឺជាការបង្ហាញយ៉ាងច្បាស់ពីចរិតបំពានច្បាប់និងធម្មនុញ្ញអង្គការសហប្រជាជាតិរបស់មន្ត្រីស្ថានទូតនៃប្រទេសស៊ីវិល័យ មួយដែលតាំងខ្លួនជាគ្រូអាចារ្យសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងនិតិរដ្ឋ។ ពួកគេក៏បាននិងកំពុងតែពង្វក់ខួរក្បាលកូនខ្មែរមួយចំនួនដែលកំពុងបម្រើការងារនៅក្នុងស្ថានទូតនេះឱ្យវង្វេងប្រវត្តិសាស្ត្រ និងជាន់ឈ្លីអធិបតេយ្យជាតិខ្លួនដើម្បីប្តូរនឹងប្រាក់ដុល្លារ ភ្លេចគិតថាដូនតានិងឪពុកម្តាយខ្លួនរត់គេចគ្រាប់បែកអាមេរិកាំងចៅហ្វាយនាយដែលខ្លួនកំពុងបម្រើនេះ។
សារដែលមន្ត្រីស្ថានទូតអាមេរិកបានប៉ុស្តិ៍លើហ្វេសប៊ុក របស់ខ្លួនដោយគ្មានអៀនខ្មាស និងប្រកបដោយការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងអធិបតេយ្យជាតិខ្មែរនោះគឺ «តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ.....»។ ហេតុអ្វីបានមន្ត្រីនៃស្ថានទូតអាមេរិកថាកឹម សុខា ស្អាតស្អំ? ប្រសិនបើយល់ថា កឹម សុខា ដែលកំពុងជាប់ចោទពីបទឃុបឃិតនឹងបរទេសក្បត់ជាតិខ្មែរស្អាតស្អំ មន្ត្រីអាមេរិកគួរតែ ចូល មកធ្វើជាសាក្សីបង្ហាញភាពស្អាតស្អំនេះ។
តើមន្ត្រីនៃស្ថានទូតអាមេរិកហ៊ានបញ្ជាក់ថាតើអ្វីដែលជាសម្តី ចេះញពីមាត់របស់កឹម សុខា ដែលថាអាមេរិកនៅពីក្រោយកឹម សុខា និងសម រង្ស៊ី ក្នុងការអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា? នៅឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលី កឹម សុខា បានថ្លែងថា៖«តាំងពីឆ្នាំ ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរក្នុងប្រទេស ដើម្បីឱ្យ យល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗ អោយខ្ញុំទៅអាមេរីម្តងតាំងពីឆ្នាំ ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថាដើម្បីឱ្យកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរថ្នាក់ ដឹកនាំ យើងមិនអាចទៅជល់ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រ របស់ប្រទេសប្រជាធិបតេយ្យគេធ្វើ។ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយក ម៉ូឌែលតាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រ ហ្នឹង ហើយគេយកបទពិសោធន៍ ហ្នឹងមកឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។ ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារតែ ថ្ងៃនេះ យើងបានឈានដល់មួយដំណាក់កាលហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យបានដឹង ហើយនៅបន្តទៀត ជោគជ័យយើងទទួលបាន ខ្ញុំអត់មានបានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដាដែលអាមេរិកាំងគេជួលមក ដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំ ហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹង ហើយ ហើយយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ»។
សកម្មភាពទាំងនេះ ក្រោយមកត្រូវបានបញ្ជាក់ដោយទណ្ឌិត សម រង្ស៊ី ដែលថាខ្លួនក៏ជាមេចលនាបដិវត្តន៍ពណ៌មួយរូបដែរ។ លើសពីនេះភស្តុតាងដែលលោកគង់ គាំ បានឆ្លើយប្រាប់តុលាការក្នុងនាមជាសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់កឹម សុខា ក៏បានបញ្ជាក់ថាអតីតគណបក្ស សង្គ្រោះជាតិបានប្រើប្រាស់បដិវត្តន៍ពណ៌ដើម្បីឡើងក្តាប់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ប៉ុន្តែចៃដន្យ ផែនការបដិវត្តន៍ពណ៌នេះត្រូវបានកម្ចទេស ហើយមេក្លោងធំអនុវត្តត្រូវបានវៃខ្នោះបញ្ចូលគុក។
មន្ត្រីស្ថានទូតអាមេរិកសូមកុំព្យាយាមបំភ្លៃភស្តុតាង និងបង្វែរសំណុំរឿងពាក់ព័ន្ធរបស់ខ្លួន។ ភស្តុតាងពិតជាមានគ្រប់គ្រាន់ ទើបច្បាប់កម្ពុជាចាប់ជនក្បត់ជាតិ កឹម សុខា ទាំងកណ្តាលអាធ្រាតព្រោះបើទុកបុគ្គលនេះឱ្យមានសេរីភាព នោះបុគ្គលនេះនឹងបន្តអនុវត្តផែនការតាមចៅហ្វាយនាយបរទេសរបស់ខ្លួន។ តើមន្ត្រីស្ថានទូតអាមេរិកពិតជាឈឺចាប់ណាស់ទៅឬដែលឃើញកូនចឹងរបស់ខ្លួនត្រូវបានចាប់ខ្លួននិងឃុំ ខ្លួនព្រោះសំណុំរឿងឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ? ជាការពិត អាមេរិកក្នុងនាមជាម៉ែឪរបស់បក្សប្រឆាំងជាពិសេសអាណាព្យាបាលនយោបាយរបស់ កឹម សុខា ពិតជាមិនសុខចិត្តឡើយពេលឃើញកូនចឹងខ្លួនឬអាយ៉ងរបស់ខ្លួនត្រូវជាប់ក្នុងឃុំ។
កម្ពុជាពិតជាទទួលបានមេរៀនប្រវត្តិសាស្ត្រឆ្អែតឆ្អន់ជាទីបំផុតហើយជាមួយអាមេរិក។ មេរៀនប្រវត្តិសាស្ត្រដែលខ្មែរ មិនអាចបំភ្លេចបានគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដែលទទួល បានការគាំទ្រពីអាមេរិកទម្លាក់សម្តេចព្រះនរោត្តម សីហនុពីអំណាច បានបន្សល់បណ្តាំចុង ក្រោយសម្រាប់ពលរដ្ឋខ្មែរថា «អ្វីដែលព្រះអង្គសោកស្តាយបំផុតនោះគឺជឿលើអាមេរិកពេក»។
កម្ពុជាពេលនេះបានដឹងច្បាស់ហើយថាអ្វីដែលអាមេរិកបានបន្សល់ទុកដល់កម្ពុជាពីអតីតកាល គឺមានតែសំណល់គ្រាប់បែកពីសម័យសង្គ្រាមដែលបន្តសម្លាប់ និងបង្ករបួសស្នាមដល់ប្រជាពលរដ្ឋខ្មែរស្ទើរ រៀងរាល់ថ្ងៃ និងបំណុលកខ្វក់ដែលរបបសាធារណរដ្ឋខ្មែរដែលមានអាមេរិកនៅពីក្រោយបានខ្ចីដើម្បីទិញ អាវុធធ្វើសង្គ្រាមសម្លាប់ខ្មែរគ្នាឯង។ កម្ពុជាបច្ចុប្បន្នជាកម្ពុជាខុសពីជាង ៤០ ឆ្នាំមុន ហើយកម្ពុជា ពេលនេះ គឺជាកម្ពុជាដែលមានឯករាជភាព និងអធិបតេយ្យភាពពេញលេញ និងមានសិទ្ធិចាត់ចែងលើវាសនាជាតិ របស់ខ្លួន និងមិនបម្រើឱ្យភូមិសាស្ត្រ នយោបាយរបស់ប្រទេសណាមួយឡើយ។
ដូច្នេះក្នុងនាមជាប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សូមមន្ត្រីស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញគួរតែប្រតិបត្តិខ្លួនតាមច្បាប់ការទូត និងធម្មនុញ្ញអង្គការសហប្រជាជាតិជៀសវាងការតាំងខ្លួនជាឪរបស់ប្រទេស កម្ពុជាដែលជារដ្ឋឯករាជ្យមួយ និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ ហើយក៏ មិនត្រូវលូកដៃក្នុងសមត្ថកិច្ចតុលាការកម្ពុជាដែរ។ សូមអាមេរិកកុំច្រឡំថាខ្លួនជាឪរបស់កម្ពុជា ប៉ុន្តែតាមពិតជាឪបក្សប្រឆាំងនៅកម្ពុជា!
ដោយ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩