(ភ្នំពេញ)៖ ប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា លោក Arnaud DARC បានថ្លែងទាំងសុទិដ្ឋិនិយមថា កម្ពុជានៅតែជាប្រទេសមានសក្តានុពលសម្រាប់វិនិយោគិនអឺរ៉ុប ហើយទោះបីមិនមានប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ក៏អ្នកវិនិយោគមកពីអឺរ៉ុបនៅតែបន្តរកស៊ីនៅកម្ពុជា។
ប្រធានសភាពាណិជ្ជអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងបែបនេះ នៅក្នុងវេទិកាតុមូលស្តីពី «សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប លើការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវ EBA ពីកម្ពុជា» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក Arnaud DARC បានពន្យល់ថា «អ្នកវិនិយោគិនរបស់អឺរ៉ុបទាំងអស់នៅតែវិនិយោគនៅកម្ពុជា ដោយសារប្រទេសនេះ នៅមានសក្តានុពលច្រើនទៀត ទោះបីជាមានបញ្ហា EBA ក៏ដោយ។ កម្ពុជាមានវិស័យមួយចំនួនទៀត ដែលមិនបានរងផលប៉ះពាល់ពីការព្យួរ EBA នោះឡើយ ដូចជាវិស័យទេសចរណ៍ សំណង់ និងកសិកម្មជាដើម។ កម្ពុជានៅតែជាប្រទេសសក្តានុពលសម្រាប់បរទេសចូលមកវិនិយោគ ហើយកម្ពុជាត្រូវតែគ្រប់គ្រង ធ្វើឱ្យប្រទេសដទៃមើលឃើញថា កម្ពុជាជាប្រទេសរឹងពឹង និងត្រូវប្រាប់បរទេសថា កម្ពុជាជាប្រទេសដែលមានឱកាសច្រើននៅឡើយ»។
លោក Arnaud DARC ក៏បានប្រកាសប្រាប់វិនិយោគិនបរទេសថា រាជរដ្ឋាភិបាលកម្ពុជា ពេលនេះកំពុងតែខិតខំធ្វើកំណែទម្រង់ ដើម្បីទប់ទល់ការបិទ EBA ក្នុងនោះមានការកែសម្រួលដល់វិស័យដឹកជញ្ជូន ការកាត់តម្លៃសេវា រួមទាំងចំណុចផ្សេងៗទៀត ដែលនៅតែបង្កលក្ខណៈប្រសើរសម្រាប់ការវិនិយោគ និងនាំចេញ។
ប៉ុន្តែបញ្ហាព្យួរ EBA អាចនឹងធ្វើឲ្យមានការពិចារណាចំពោះអ្នកវិនិយោគ ដែលគ្រោងមកវិនិយោគនៅកម្ពុជា។ លោកបញ្ជាក់ថា «អ្នកវិនិយោ ដែលគ្រោងនឹងមកវិនិយោគនៅកម្ពុជា កំពុងពិចារណាគ្រាដែលមានការប្រកាសនីតិវិធីដើម្បីផ្អាក EBA»។
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប បានលើឡើងថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ក៏ជាឱកាសមួយសម្រាប់កម្ពុជាចាប់យកអ្នកវិនិយោគបរទេសផងដែរ។ ក្នុងន័យនេះលោក Arnaud DARC លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគឲ្យបានកាន់តែល្អប្រសើរ ដើម្បីចាប់យកអ្នកវិនិយោគទាំងនោះ ព្រោះពួកគេកំពុងសម្លឹងមើលការវិនិយោគនៅកម្ពុជា៕