(កំពង់ចាម)៖ នៅក្នុងការប្រកាសលទ្ធផលចលនាអនុវត្តប្រឡងប្រណាំងឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា អស់កង្វល់រឿងប្រជាពលរដ្ឋប្ដឹងមកថ្នាក់លើ បញ្ហាបម្រើសេវា ក្រោយមានការអនុវត្តប្រឡង ប្រណាំងការបំរើសេវាជូនប្រជាពលរដ្ឋរបស់ឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាមកន្លងមកនេះ។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ចលនាប្រឡងប្រណាំងឃុំ-សង្កាត់ បម្រើសេវាល្អទូទាំងខេត្តកំពង់ចាមនេះ មានគោលបំណងផ្ដល់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាពគណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ប្រជាពលរដ្ឋ។ ចលនាប្រឡងប្រណាំងឃុំ-សង្កាត់ បានបម្រើសេវាល្អ បានផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ទទួលបានសេវាសាធារណៈរបស់រដ្ឋបាលឃុំ-សង្កាត់ និងបានផ្ដល់មុខមាត់ដល់ខេត្តកំពង់ចាមយើង ក្នុងការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលឃុំ-សង្កាត់ បានឆាប់រហ័ស និងដល់ខ្នងផ្ទះប្រជាពលរដ្ឋតែម្តង ។
អភិបាលរងខេត្តលោក ហាន កុសល បានថ្លែងឲ្យដឹងដែរថា ខេត្តកំពង់ចាមមានក្រុងចំនួន១ និងមានស្រុកចំនួន៩ ដែលមានឃុំចំនួន១០៥ និង៤សង្កាត់ ស្មើនឹង៩១៦ ភូមិដែលមានប្រជាពលរដ្ឋ សរុបចំនួន២៦៨.៧៧៤គ្រួសារ ស្មើនឹង១.០៨៧៥៣៤នាក់ ស្រី៥៥៤.៩៣៥នាក់។
លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋានរដ្ឋបាលខេត្តកំពង់ចាម បានបង្កើតសេចក្តីសម្រេចលេខ ០៧២/១៨ ស.ស.រ ស្ដីពីការបង្កើតគណៈកម្មការវាយតម្លៃការ អនុវត្តចលនាប្រឡងប្រណាំងឃុំ-សង្កាត់បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម។
ដោយផ្អែកតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយោងតាមគោល នយោបាយកំណែទម្រង់របស់រាជរដ្ឋាភិ បាលកម្ពុជាផ្ដោតលើ ការកែទម្រង់លើការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលបានកំណត់ថា បំរើប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិយើង ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ។
រដ្ឋបាលខេត្តបានដាក់ចេញនូវចលនាប្រឡងប្រណាំងឃុំ-សង្កាត់បម្រើ សេវាល្អរបស់ខេត្តកំពង់ចាម ដោយតម្រូវឲ្យមន្ត្រីរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ អនុវត្តការផ្ដល់សេវាសាធារណៈសំខាន់សំៗ ចាំបាច់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យដល់ខ្នងផ្ទះនូវសេវាសាធារណៈដូចជា ការចុះសំបុត្រកំណើត, ការចុះសំបុត្រអាពាហ៍ពីពាហ៍, ការចុះសំបុត្រមរណភាព, ការចុះបញ្ជីឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ក១, ការផ្ដល់សៀវភៅស្នាក់នៅ ក២, ការចុះឈ្មោះក្នុងបញ្ជីគ្រួសារ ក៣ និងការផ្ដល់សៀវភៅគ្រួសារក៤។
បើតាមលោក ហាន កុសល ក្នុងការអនុវត្តចលនាប្រឡងប្រណាំងឃុំ-សង្កាត់បម្រើសេវាល្អរបស់រដ្ឋបាលឃុំ-សង្កាត់ នៅក្នុងខេត្តកំពង់ចាមឆ្នាំ២០១៨ កន្លងទៅនេះមានការចូលរួមយ៉ាងផុលផុស ពីមេឃុំ-ចៅសង្កាត់ ស្មៀនឃុំសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងប្រជាពលរដ្ឋ។
សកម្មភាពរបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការចុះបំរើសេវាដល់ខ្នងផ្ទះប្រជាពលរដ្ឋត្រូវបានបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម facebook និងមានការគាំទ្រពីប្រជា ពលរដ្ឋជាច្រើននៅតាមមូលដ្ឋាន និងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
ជាលទ្ធផលឃុំ ដែលបានចំណាត់ថ្នាក់លេខ១ គឺឃុំព្រែកក្របៅ ស្រុកកងមាសដែលក្នុងនោះ បានពិន្ទុសរុបចំនួន ៣៩.១៧១ពិន្ទុ និងបានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០ លានរៀល ។ចំណាត់ថ្នាក់លេខ ២បានទៅឃុំ មេសរ ជ្រៃ ស្រុកស្ទឹងត្រង់ បានពិន្ទុសរុប ៣៣.៧១៨ ពិន្ទុ បានទទួលប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦លានរៀល ។ចំណាត់ថ្នាក់លេខ ៣ បានទៅឃុំ សូរគងស្រុកកងមាស បានពិន្ទុសរុប ៣១.៣៦៦ ពិន្ទុ និងបានទទួលប្រាក់រង្វាន់លើក ទឹក ចិត្តចំនួន ៤ លានរៀល។
ជាមួយគ្នានោះដែរ អភិបាលខេត្តកំពង់ ចាមលោក គួច ចំរើន បានផ្តាំផ្ញើដល់មន្ត្រី ឃុំ-សង្កាត់ទាំងអស់ សូមបន្តខិតខំប្រឹង ប្រែងបំរើសេវាជូនប្រជាពលរដ្ឋឲ្យ បានកាន់តែល្អនៅក្នុងឆ្នាំ ២០១៩ បន្តទៀត ពិសេសគឺឃុំដែលបានទទួលជ័យលាភី ត្រូវតែខិតខំប្រឹងប្រែងដើម្បីរក្សាខ្សែ ក្រវាត់របស់ខ្លួនឲ្យបានល្អប្រសើរផងដែរ៕