(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានស្នើដល់បណ្ដាលម្ចាស់ក្រុមហ៊ុនល្បែងពាណិជ្ជកម្ម (ក្រុមហ៊ុនកាស៊ីណូ) ទូទាំងប្រទេសកម្ពុជា ឲ្យមានការរៀបចំប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួល ទៅដល់កម្លាំងសមត្ថកិច្ច ក្នុងពេលមានបញ្ហាអ្វីមួយកើតឡើង។
ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អញ្ជើញចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយវិធានការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ដល់ម្ចាស់ក្រុមហ៊ុនល្បែងពាណិជ្ជកម្ម ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ពិធីប្រជុំផ្សព្វផ្សាយវិធានការនេះ ធ្វើឡើងក្រោមវត្ដមាន លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការចម្រុះ បង្រ្កាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និង ល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ និងមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមឲ្យបណ្ដាលក្រុមហ៊ុនកាស៊ីណូទាំងអស់ រៀបចំប្រព័ន្ធសុវត្ថិភាពឡើងវិញ ដោយក្នុងរួមមាន៖ កាំមេរ៉ាសុវត្ថិភាព, ក្លោងទ្វារសុវត្ថិភាព និងម៉ាស៊ីន អិចសារេផងដែរ»។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានឲ្យដឹងថា នៅពេលដែលមានបញ្ហាអ្វីមួយកើតឡើង គ្រាន់តែម្ចាស់ក្រុមហ៊ុនកាស៊ីណូ ចំណាយពេលទៅឆែកលើប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព គឺត្រូវចំណាយពេលយូរណាស់ ដើម្បីបង្ហាញឲ្យសមត្ថកិច្ច ដែលវាបង្កឲ្យជនល្មើស មានភាពងាយស្រួល ក្នុងការរត់គេចខ្លួន។
ពាក់ព័ន្ធនឹងករណីបែបនេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានលើកឡើងថា «នៅបណ្ដាលក្រុមហ៊ុនកាស៊ីណូទាំងអស់ យើងចង់ឲ្យមានកាំមេរ៉ា ដាច់ដោយឡែកពីគ្នា ចំនួន២ប្រភេទ ដោយមួយប្រភេទចាប់ លើការងារសន្ដិសុខ និងមួយប្រភេទទៀត ចាប់នៅក្នុងបរិវេណកាស៊ីណូ ដើម្បីងាយស្រួល ទៅដល់សមត្ថកិច្ច ក្នុងពេលកើតឡើងបញ្ហាអ្វីមួយ»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា កម្លាំងសមត្ថកិច្ច មិនមានទីតាំងឈរមួយច្បាស់លាស់នោះទេ នៅក្នុងក្រុមហ៊ុនកាស៊ីណូ ជាក់ស្ដែងតាមច្រកទ្វារចេញចូល គឺមានតែកម្លាំងសន្ដិសុខតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ថា នៅប្រទេសគេ តាមច្រកទ្វារចេញចូល ក្នុងក្រុមហ៊ុនកាស៊ីណូ គឺគេមានកម្លាំងសមត្ថកិច្ចជានិច្ច។
នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ទៀតថា បើសិនជាម្ចាស់ក្រុមហ៊ុនកាស៊ីណូ មិនចង់បង្ហាញមនុស្សនោះទេ ក៏គួរតែកែតម្រូវទៅលើបច្ចេកវិទ្យា ដែលត្រូវមានម៉ាស៊ីនស្គេន ក្លោងទ្វារសុវត្ថិភាព កាំមេរ៉ាសុវត្ថិភាពជាដើម។ នាយឧត្តមសេនីយ៍ បានបន្ថែមថា កម្លាំងសមត្ថកិច្ច មិនចង់ទៅមើលកាំមេរ៉ា ដែលបង្ហាញតែកន្លែងតុអ្នកលេងល្បែងនោះទេ៕