(រតនគីរី)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា (គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា) បានលើកឡើងថា ឱសថដ៏មានប្រសិទ្ធភាព ក្នុងការព្យាលជំងឺពុករលួយ គឺការអនុវត្តឲ្យបានអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ តាមរយៈការអប់រំ បង្ការ ទប់ស្កាត់ និងពង្រឹងការអនុវត្តច្បាប់។ លោកបានបន្ថែមថា អ្វីដែលពិសេស គឺត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ។
ការលើកឡើងរបស់លោក ម៉ម ប៊ុននាង បានធ្វើឡើងខណៈលោកអញ្ជើញដឹកនាំ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០ នៃព្រឹទ្ធសភា) ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី ដឹកនាំដោយលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាប្រឈមនានា នៅសាលប្រជុំសាលាខេត្តរតនគិរី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងពិធីជួបពិភាក្សាការងារនេះ លោក គិត ទ្រី បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពទូទៅរបស់ខេត្តរតនគិរី សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និងវឌ្ឍនភាព នៃការអនុវត្តន៍ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហាប្រឈមនានា នៃការអភិវឌ្ឍមូលដ្ឋាន នៅក្នុងខេត្ត។
ក្នុងឱកាសនោះលោក ម៉ម ប៊ុននាង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្ត និងអំពាវនាវដល់អាជ្ញាធរខេត្តត្រូវប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពីព្រោះអំពើពុករលួយ គឺជាជំងឺដ៏សាហាវមួយដែលធ្វើឲ្យសុខភាពសាធារណៈចុះអន់ថយ បើមិនប្រញាប់ព្យាបាលនោះ ប្រជាពលរដ្ឋនឹងអស់ជំនឿទុកចិត្ត សមិទ្ធផលទាំងឡាយដែលខិតខំកសាងនាពេលកន្លងមក នឹងក្លាយជាអសារបង់ ។
បន្ទាប់ពីជួបពិភាក្សាជាមួយអាជ្ញាធរខេត្តរួចមក គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងលោក កង សារឿន ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ និងបញ្ហាប្រឈមនានា នៅសាលប្រជុំច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បន្ទាប់ពីជួបពិភាក្សារួចមកគណៈប្រតិភូ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពបង្គោល និងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដែលមានព្រំប្រទល់ជាប់គ្នារវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
ជាមួយគ្នានោះដែរ គណៈប្រតិភូបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខគ្រូពេទ្យ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាពសោមធំ ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានផ្តល់ថវិកាមកជូនគ្រូពេទ្យចំនួន៣ នាក់ និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលចំនួន ២ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ដែលចំណាយថវិកាសរុប ៥០ ម៉ឺនរៀល។
ក្រៅពីនេះ គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះទស្សនកិច្ចក្រុមហ៊ុន ជា ទូច ត្រេឌីង និងក្រុមហ៊ុន ហ័ង អញ្ញ អណ្តូង មាស ស្ថិតក្នុងខេត្តរតនគិរី ព្រមទាំងទស្សនកិច្ច ស្ថានីយវារីអគ្គិសនីសេសានក្រោម២ នៅឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង៕