(ភ្នំពេញ)៖ ដោយមើលឃើញពីស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា កើតឡើងជារៀងរាល់ថ្ងៃ អ្នកជំនាញការផ្នែកបង្ការ ទប់ស្កាត់សុវត្ថិភាពចរាចរណ៍ នៅក្នុងសិក្ខាសាលាស្តីពី «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ប្រឹក្សា និងបទពិសោធន៍ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។
លោក SOGANO Yuichi ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃ ប្រទេសជប៉ុន ប្រចាំនៅកម្ពុជា (JICA) បានថ្លែងយ៉ាងដូច្នេះ៖ «បានគាំទ្រចំពោះសុវត្ថិភាពចរាចរណ៍នៅកម្ពុជា តាមរយៈការជួយលើកម្មវិធីផ្សេងៗ ការជួយកែសម្រួលនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងបង្ការ ទប់ស្កាត់នូវគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា»។
លោកបន្តថាការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពចរាចរណ៍នេះ គឺអង្គការ JICA បាននាំយកមកនូវអ្នកជំនាញផ្នែកអប់រំ វិស្វកម្ម និងអ្នកជំនាញផ្នែកបង្ការ ទប់ស្កាត់សុវត្ថិភាពចរាចរណ៍ ដើម្បីចែករំលែកនូវចំណេះដឹង ក៏ដូចជាជំនាញក្នុងការផ្ដល់ជូនដល់មន្រ្ដីកម្ពុជា ដែលធ្វើការងារផ្នែកសុវត្ថិភាព ចរាចរណ៍នេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា សិក្ខាសាលាអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលឧបត្ថម្ភ និងផ្តួចផ្តើមដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA មានគោលបំណងចែករំលែក បទពិសោធន៍ ក្នុងការទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ថ្នាក់ចរាចរណ៍។ នេះជាកិច្ចសហប្រតិបត្តិការមួយថ្មីបន្ថែមទៀត ពីលើការជួយឧបត្ថម្ភគាំទ្រ របស់រដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន លើវិស័យសាធារណៈការ និងដឹកជញ្ជូន។ លោកស្រីថា រាជរដ្ឋាភិបាលជប៉ុន បានជួយជាប្រចាំដល់កម្ពុជា លើគ្រប់វិស័យដោយឡែកជួយដល់ការអភិវឌ្ឍ ផ្លូវ ស្ពាន កំពង់ផែ និងធនធានមនុស្សរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ បានបន្ថែមថា ទាំងនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ និងបានវាយតម្លៃខ្ពស់ចំពោះអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ជប៉ុន ដែលបានចំណាយពេលវេលា ធ្វើដំណើរវែងឆ្ងាយ ដើម្បីនាំមកនូវបទពិសោធន និងបច្ចេកទេស វិធានការដែល ពិតជានឹងអាចជួយឱ្យអ្នកជំនាញ និងអ្នកពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍កម្ពុជា អាចទទួលបានបន្ថែមនូវធាតុល្អសម្រាប់ការបន្ថយគ្រោះថ្នាក់ចរាចរណ៍ បានប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកស្រី បន្ថែមថា បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ នៅតែជាកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃ បណ្តាលឱ្យស្លាប់របួស ពិការ និងខូតខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ខណៈដែលផ្លូវស្ពានគ្រប់ទីកន្លែងត្រូវបានសាងសង់ខ្វាត់ខ្វែង សម្រួលដល់ចរាចរណ៍ដឹកជញ្ជូន បម្រើនឱ្យគ្រប់វិស័យនៃតម្រូវការរបស់ប្រជាពលរដ្ឋ និងរបស់ប្រទេសទាំងមូល។
លោកស្រីក៏បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកប្រើប្រាស់ផ្លូវ ដែលរាជរាជរដ្ឋាភិបាលចាំបាច់ ស្វះស្វែងប្រមូលផ្តុំគ្រប់អ្នកពាក់ព័ន្ធឱ្យចូលរួមចំណែកធ្វើយ៉ាងណាទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតទាបបំផុត ឬលុបបំបាត់តែម្តងតាមដែលអាចធ្វើបាន។
លោកស្រី មឹន មាណវី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំពិតជារំពឹង និងជឿទុកចិត្ត ថាយើងនឹងទទួលបាននូវបទពិសោធន៍នូវធាតុចូលថ្មី ពីអ្នកជំនាញផ្នែកសុវត្ថិភាព ចរាចរណ៍ជប៉ុន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។ ដូចនេះហើយខ្ញុំលើកទឹកចិត្ត និងសូមពរឱ្យសមាជិកទាំងអស់យកចិត្តទុកដាក់ និងខិតខំស្វែងយល់ កំរុញរាក្នុងការសួរនូវអ្វីដែលមិនច្បាស់នៅក្នុងបទបង្ហាញ និងលើកអំពីអ្វីដែលជាបញ្ហាប្រឈម ដើម្បីរួមគ្នាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព»៕