(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៨ម៉ោងប៉ុណ្ណោះ នឹងអាចរកឃើញនូវមេរោគជំងឺកាចសាហាវចំនួន៣ប្រភេទរួមមាន៖ ជំងឺរលាកថ្លើមប្រភេទ B និងC, ជំងឺមហារីកមាត់ស្បូន (វីរុស HPV) និងជំងឺរបេង (MTB) ដែលសុទ្ធសឹងតែប្រភេទជំងឺ ដែលមានការរីករាលដាលយ៉ាងខ្លាំងនៅសង្គមបច្ចុប្បន្ននេះ ដើមហេតុនេះបានធ្វើឲ្យមន្ទីរពេទ្យជោរៃភ្នំពេញ បាននាំយកនូវម៉ាស៊ីនទំនើបមួយប្រភេទ REAL-TIME PCR ដំបូងគេនៅកម្ពុជា ដែលមានតួនាទីពិសេស ក្នុងការកំណត់រោគសញ្ញាបានយ៉ាងឆាប់រហ័ស។
នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានសហការជាមួយក្រុមហ៊ុន Veit A បានសម្ពោធដាក់ឲ្យដំណើរការ ម៉ាស៊ីន REAL-TIME PCR ដែលមានតួនាទីខ្ពស់ ក្នុងពិនិត្យរោគវិនិច្ឆ័យ បានយ៉ាងឆាប់រហ័ស ហើយពិធីសម្ពោធនូវម៉ាស៊ីនទំនើបថ្មីទើបនាំចូលមកនេះ ក៏បានការចូលរួមពី វេជ្ជបណ្ឌិត ត្រាន់ ថាញ់ទុង អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ, លោក ង្វៀន ដានវ៉ី អនុប្រធានក្រុមហ៊ុន Veit A រួមនឹងថ្នាក់ដឹកនាំមន្ទីរជោរៃភ្នំពេញជាច្រើននាក់ទៀតផងដែរ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិត ឡេ វ៉ាន់ថាញ់ ប្រធានផ្នែកមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យជោរៃភ្នំពេញ បានលើកឡើងថា «ម៉ាស៊ីននេះគឺថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា ហើយវាធ្វើការពិនិត្យវិនិច្ឆ័យ រករោគសញ្ញានៃជំងឺ បានលឿន និងឆាប់រហ័សដោយចំណាយពេលត្រឹមតែ៨ម៉ោង ឬ១ថ្ងៃប៉ុណ្ណោះ អាចទទួលបានលទ្ធផល ខុសប្លែកពីមុនដោយចំណាយពេលចាប់ពី៣ថ្ងៃ ដល់មួយសប្ដាហ៍ទើបទទួលបានលទ្ធផល»។
គួរជម្រាបថា គុណសម្បត្តិរបស់ Real Time PCR (Real-time polymerase chain reaction) ធៀបទៅនឹង PCR ធម្មតា គឺថាដំណើរការទាំងមូលពី ការពង្រីក DNA ទៅការវិភាគត្រូវបាន អនុវត្តនៅក្នុងបំពង់តែមួយ។ នេះខុសពី PCR ធម្មតា ដែលផលិតផល PCR ត្រូវបានផ្លាស់ប្តូរ និងរៀបចំទៅជាទម្រង់ផ្សេង។ ជាលទ្ធផលការថយចុះលទ្ធភាព នៃការឆ្លងគ្នារជាមួយនឹងវិធីសាស្រ្ត Real Time PCR។
REAL TIME PCR បានក្លាយទៅជាគ្រឹះនៃការធ្វើរោគវិនិច្ឆ័យម៉ូលេគុល និងការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺដូចជា៖ រាប់មេរោគ៖ មេរោគរលាកថ្លើមប្រភេទ B វីរុសជំងឺរលាកថ្លើមប្រភេទ C មហារីកមាត់ស្បូន (វីរុស HPV), ជម្ងឺរបេង(MTB) ។ គុណសម្បត្តិផ្សេងទៀតរបស់ Real Time PCR គឺសមត្ថភាពក្នុងការសម្គាល់ចំនួន ក្នុងកំឡុងពេលដំណើរការ PCR ។ Real Time PCR វាស់បរិមាណ ក្នុងដំណាក់កាលនិទស្សន្តចំណែកឯ Standard PCR វាស់បរិមាណក្នុងដំណាក់ ក្នុងដំណាក់កាល Plateau។ វាមានប្រសិទ្ធិភាពជាងមុនក្នុងការវាស់ស្ទង់អំឡុងដំណាក់កាល អិចស្ប៉ូណង់ស្យែងដោយសារតែ ការវាស់ស្ទង់កំឡុងពេល Plateau មិនបង្ហាញបរិមាណចាប់ផ្តើម។
ជាមួយគ្នានោះ លោក ង្វៀន ដានវ៉ី បានបញ្ជាក់ថា «ក្រុមហ៊ុន Veit A ជាក្រុមហ៊ុនដែលសហការជាមួយបណ្ដាមន្ទីរពេទ្យប្រមាណ៧០% នៅក្នុងប្រទេសវៀតណាម ហើយថ្ងៃនេះបានសហការជាមួយ មន្ទីរពេទ្យជោរៃភ្នំពេញ ដាក់ដំណើរការសេវាកម្ម រាប់មេរោគរលាកថ្លើមប្រភេទ B,c និងវីរុស HPV, ជម្ងឺរបេង MTB ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការទទួលបានសេវាមួយនេះទាន់ពេលវេលា»។
តំណាងក្រុមហ៊ុន Veit A រូបនេះបន្ថែមថា «បើតាមខ្ញុំដឹងម៉ាស៊ីនរាប់មេរោគនេះ គឺមានជាលើកដំបូងនៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ហើយរាល់ការទទួលសេវកម្មនេះម្ដង គឺមានតម្លៃថោកជាង២០ភាគរយនៃការទទួលសេវានេះនៅប្រទេសវៀតណាម»៕