(ភ្នំពេញ)៖ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រោមការដឹកនាំពីលោក តែ អ៉ិតលាង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានសហការជាមួយ មន្រ្តីពាណិជ្ជកម្ម និងមន្ត្រីមន្ទីពិសោធន៍ ដើម្បីចុះពិនិត្យមើលទំនិញ បានរកឃើញទំនិញមួយចំនួនខូចគុណភាព និងមានសាធារតុគីមី ដោយដកហូតមកទុកដុតកម្ទេចចោល នៅផ្សារសេនជូរីផ្លាហ្សា។
លោក តែ អ៉ិតលាង អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ក្រុមការងារបានចុះអនុវត្តន៍សកម្មភាព ត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញវិចខ្ចប់ ដូចជាបន្លែ៣០មុខ ម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគផ្សេងទៀតផងដែរ។
លោកបានបន្តថា ជាលទ្ធផល បន្លែ(ខាត់ណា ស្ពៃតឿ សាឡាដ ខ្ញីហាន់ លត មី សសៃគុយទាវ សាច់ក្រកស៊ីភី) សរុបចំនួន៣០មុខ ពុំមានសារធាតុគីមីហាមឃាត់។ ប៉ុន្ដែ ម្ហូបអារហារមានសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងប្រហិតត្រី ចំនួន២គីឡូក្រាម និងបានដកហូតយកទៅកម្ទេចចោលតាមនីតិវិធី។
បើតាម អនុប្រធានសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមមន្ត្រីបានធ្វើការពន្យល់ណែនាំដល់អ្នកលក់ និងប្រជាពលរដ្ឋ អំពីការទុកដាក់ទំនិញវិចខ្ចប់ និងផលប៉ះពាល់បណ្តាលមកពី ទំនិញខូចគុណភាពផងដែរ៕