(បន្ទាយមានជ័យ)៖ លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាលើប្រធានបទ «វិធានការទប់ស្កាត់គ្រោះអគ្គិភ័យ និងលិខិតបទដ្ឋានស្តីពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ» នៅខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានយល់ដឹង និងអាចទប់ស្កាត់បានទាន់ពេលវេលាចំពោះគ្រោះហានិភ័យដោយអគ្គិភ័យ។
ក្នុងការរៀបចំសិក្ខាសាលានេះដែរ ក៏មានការចូលរួមពីលោក អន ស៊ុ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤, លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, លោក លី សារី អភិបាលរងខេត្ត, លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត, ម្ចាស់សហគ្រាស, ម្ចាស់ក្រុមហ៊ុន, ម្ចាស់សណ្ឋាគារ, ម្ចាស់ផ្ទះសំណាក់, ម្ចាស់ភោជនីយ៍ដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា១០០នាក់ នៅភោជនីយ៍ដ្ឋាន គឹម ប៊ុនអ៊ី ក្រុងប៉ោយប៉ែត។
លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ គឺយើងមានគោលបំណងឲ្យប្រជាពលរដ្ឋ, ក្រុមហ៊ុន, កាស៊ីណូ, សហគ្រាស, និងរោងចក្រឲ្យបានទទួលនូវចំណេះដឹងបន្ថែមទៀត ព្រោះកន្លងមកនេះ យើងឃើញថា ប្រទេសកម្ពុជាយើងជួបនៅគ្រោះហានិភ័យដោយអគ្គិភ័យច្រើនដង ដោយការធ្វេសប្រហែសលើស្មារតី ដូច្នេះហើយយើងត្រូវតែបន្ថែមនៅចំណេះដល់ពួកគាត់បន្ថែមទៀត»។
លោកបានបញ្ជាក់បន្តថា ទី១៖ គ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវយល់ដឹងទប់ស្កាត់អគ្គិភ័យ ទី២៖ ត្រូវផ្សព្វផ្សាយឲ្យដឹងពីបទមជ្ឈដ្ឋានកាន់តែច្បាស់ រាល់ការសាងសង់សំណងទាំងអស់ ត្រូវមានច្បាប់អនុញ្ញាតថាតើមានអ្វីខ្លះ? និងបង្ការទប់ស្កាត់រាល់បញ្ហាគ្រោះអគ្គិភ័យ និងទី៣៖ ប្រតិបត្តិការជាក់ស្តែង ដូចអស់លោក លោកស្រីបានឃើញ និងអនុវត្តជាស្តែងដោយមានការលំហាត់សកម្មភាពពន្លត់អគ្គិភ័យ ពីគ្រូជនជាតិថៃចំនួន ៤នាក់ផងដែរ។
លោក ប៉ុល លឹម បានបន្ថែមថា ការអនុវត្តជាក់ស្តែង គឺ ត្រូវទទួលខុសត្រូវនៅពេលមានភ្លើងឆេះឡើង យើងហ៊ានពន្លត់របៀបណា ពន្លត់ដោយមូលបិត ពន្លត់ដោយខ្ទុបទុយោ ឬយកផួយជាតិសើមទៅខ្ទុបទាំងអស់នេះ ជាពិធីមួយបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញ មានភាពក្លាហានផង មានភាពប៉ិនប្រសប់ផង និងការពារបានផងដែរ៕