(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី០៥ (២០១៥-២០១៩) នៅថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ នៅសាលសន្និសីទចតុមុខ ដេីម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានលើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិ» គឺជាប្រធានបទនៃទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩នេះ ហើយទិវានេះមានគោលដៅរៀនសូត្រ និងបណ្តុះគំនិតយុវជនជំនាន់ក្រោយឱ្យយល់ពីតម្លៃវប្បធម៌ជាតិ ជាពិសេសជាឱកាស នៃការជួបជុំសិល្បករ-សិល្បការិនីទូទាំងប្រទេស ជាមួយថ្នាក់ដឹកនាំ ក្នុងបុព្វហេតុនៃការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ។
គោលបំណងសំខាន់នៃមហោស្រពសិល្បៈនេះ គឺដើម្បីអប់រំ និងបណ្តុះបណ្តាលយុវជនខ្មែរ ពិសេសសិស្សថ្នាក់មធ្យម និងនិស្សិតថ្នាក់ឧត្តមឲ្យបានយល់ដឹងពីតម្លៃពិត និងបច្ចេកទេសសម្តែងសិល្បៈប្រពៃណីជាតិ ក៏ដូចជាសំដៅជំរុញឱ្យមានទឹកចិត្តស្រលាញ់ ស្មារតីថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌អរូបីឲ្យមានចីរភាព និងរីកចម្រើនស្របតាមសម័យកាល។
ទិវាវប្បធម៌ជាតិ ៣ មីនា នឹងមានការចូលរួមប្រកួតប្រជែងពីក្រុមសិល្បៈយុវជនរាជធានី-ខេត្ត សរុបចំនួន៤៦ក្រុម និងការតស៊ូមតិ ពិភាក្សាវែកញែក ស្តីពីចំណេះដឹងលើវិស័យវប្បធម៌ សម្រាប់ថ្នាក់ឧត្តមដែលមកពីសាកលវិទ្យាល័យនានា។ ក្នុងនោះ មានការសម្តែងរបាំ និងឈុតល្ខោនអប់រំខ្លី ដែលបើកជូនភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី។
គួរជម្រាបថា ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ និងតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌ជាតិលើកទី២១ ក្នុងឆ្នាំនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងកម្មវិធីសិល្បៈពិសេស ដែលរួមមាន ទស្សនីយភាពសិល្បៈរបាំប្រពៃណី ទំពាំវប្បធម៌ថ្មី ចម្រៀងនិងរបាំទំនើបកម្ម របស់ជនជាតិដើមភាគតិ នៅភូមិភាគឥសាន្ត និងការបង្ហាញពីសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត រួមទាំងស្នាដៃឯករបាំប្រពៃណី របាំសហសម័យខ្មែរ និងឈុតល្ខោនអប់រំផងដែរ៕