យូអិន៖ វេណេស៊ុយអេឡាអំពាវនាវឲ្យរដ្ឋជាសមាជិក UN ទាំងអស់គោរពការសម្រេចចិត្តរបស់ពលរដ្ឋវេណេស៊ុយអេឡា និងភាពសមាជិក UN ស្មើៗគ្នា (Video Inside)
15-02-2019 15:05
(ញូយ៉ក)៖ វេណេស៊ុយអេឡាកំពុងព្យាយាមស្វែងរកការគាំទ្រ នៅឯអង្គការសហប្រជាជាតិ ខណៈប្រឈមមុខនឹងវិបត្តិនយោបាយនៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមេបក្សប្រឆាំងប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី ក្រោមការទទួលស្គាល់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅឯទីស្នាក់ការអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានអំពាវនាវឱ្យអន្តរជាតិ គោររពតាមការសម្រេចចិត្តរបស់ប្រជាជនវេណេស៊ុយអេឡា និងអធិបតេយ្យភាពក្នុងនាមជាសមាជិក UN ស្មើៗគ្នា។
លោក Arreaza គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «យើងមានសិទ្ធិគ្រប់យ៉ាងដើម្បីរស់រាន្តមានជីវិត ដោយគ្មានការគំរាមកំហែង ប្រើកម្លាំងបាយ និងការរំលោភបំពាននានា... ឈរលើមូលដ្ឋាននេះហើយ ទើបយើងសូមអំពាវនាវឱ្យរដ្ឋជាសមាជិក UN ទាំងអស់ចូលរួមជាមួយពួកយើង ក្នុងការការពារច្បាប់អន្តរជាតិ ដើម្បីធានានូវសន្តិភាពសម្រាប់មនុស្សជាតិ»។
គួរជម្រាបថា បច្ចុប្បន្នបណ្ដាប្រទេសជាសមាជិក UN កំពុងមានការបែកបាក់គ្នា ដោយសារតែខ្លះគាំទ្រលោក ជូអាន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទីតាមសហរដ្ឋអាមេរិក ហើយខ្លះទៀតដូចជាចិន និងរុស្ស៊ីនៅតែគាំទ្របន្តលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់ប្រជាជាតិអាមេរិកឡាទីនមួយនេះ ដោយហេតុផលងចម្បងមួយថា លោក ម៉ាឌូរ៉ូ ជាមេដឹកនាំជាប់ឆ្នោត និងបានស្បថឡើងកាន់តំណែងជាផ្លូវការ នាដើមឆ្នាំ២០១៩ នេះតែម្តង៕