(ព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាត់ឃាត់ខ្លួន ក្រោយពីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឲ្យស្លាប់មនុស្សម្នាក់ មិនទាន់ស្គាល់អត្តសញ្ញា (ភេទប្រុស) នៅចំណុចលើភ្នំខៀវ ស្ថិតនៅក្រុមទី២៧ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមមន្ដ្រីនគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានជនសង្ស័យ យកវត្ថុរឹងស្រួច ចាក់ចំកញ្ចឹងកខាងស្តាំ បណ្តាលដួលស្លាប់នៅនឹងកន្លែងកើតហេតុខាងលើ។ ឆ្លងតាមការធ្វើកោសលវិច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងលោកវេជ្ជបណ្ឌិតសាកសពនេះ ត្រូវជនសង្ស័យយកវត្ថុរឹង មានចុងស្រួចចាក់ចំកញ្ចឹងក ពីខាងក្រោយបណ្តាលឲ្យស្លាប់នៅកន្លែង។
មន្ដ្រីនគរបាលដដែល បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងចាប់យកបាន៖ ដែកឆាប១ដើម (ឧបករណ៍ប្រព្រឹត្តិបទល្មើស), កាំភ្លើងជ័រខ្លី១ដើម ពណ៌ខ្មៅ។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានចាក់សម្លាប់ ជនរងគ្រោះពិតប្រាកដមែន។
ករណីនេះ កើតឡើងដោយសារ នៅយប់កើតហេតុ ជនរងគ្រោះ បានមកទិញគ្រឿងញៀនពីជនសង្ស័យ ពេលនោះ ជនសង្ស័យបានយកសាច់ជូ បន្លំធ្វើជាគ្រឿងញៀន (ម៉ាទឹកកក) ដើម្បីលក់ទៅឲ្យជនរងគ្រោះ ក្នុងតំលៃ ៣៥,០០០រៀល នៅពេលដែលជនរងគ្រោះ យកទៅប្រើប្រាស់ទើបដឹងថា ជាសាច់ជូរ ក៏បានទៅរករឿងជនសង្ស័យ និងបានយកដាវដេញកាប់ជនសង្ស័យ។
ពេលនោះ ក៏មានការប្រតាយប្រតប់គ្នា ជនសង្ស័យ ក៏ទាញដែកចាប ដែលទុកនៅក្នុងកេះឈើ ចាក់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួស រហូតដល់បាត់បង់ជីវិត។ ចំពោះករណីនេះ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕