(ភ្នំពេញ)៖ តារាងបាល់ទាត់ និងបាល់បោះថ្មីរបស់វិទ្យាល័យទួលអំពិល ដែលឧបត្ថម្ភដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
តារាងបាល់ទាត់ ប្រើប្រាស់ស្មៅសិប្បនិមិត មានទំហំ២៥ម x ៤៧ម ស្មើនឹង ១១៧៥ ម៉ែត្រការ៉េ និងតារាងបាល់បោះ មានទំហំ១៨ម x ៣០ម ស្មើនឹង ៥៤០ ម៉ែត្រការ៉េ ដែលបានចំណាយទឹកប្រាក់សរុបជាង៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។ តារាងបាល់ទាំងពីរនេះត្រូវបានសាងសង់រួចរាល់ជាស្ថាពរ កាលពីខែមករា ឆ្នាំ២០១៩។
លោក បូរី ស៊ីលីវណ្ណ ប្រធានទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «ការឧបត្ថម្ភតារាងបាល់ទាត់ និងបាល់បោះនេះ គឺជាផ្នែកមួយនៃគម្រោងសាលាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីលើកកម្ពស់សោភ័ណភាពសាលារៀន និងជាការចូលរួមចំណែកក្នុងការគាំទ្រវិស័យកីឡាបាល់ទាត់ និងបាល់បោះ ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្សានុសិស្សនៅវិទ្យាល័យទួលអំពិល» ។
គម្រោងសាលាស្អាត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាពសាលារៀននៅជុំវិញប្រទេសឲ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត និងបង្កើនបរិយាកាសសិក្សាឲ្យល្អប្រសើរជាងមុនសម្រាប់សិស្សានុសិស្ស។
លោក កែវ តេង នាយកវិទ្យាល័យទួលអំពិលបានឲ្យដឹងថា តារាងបាល់ទាត់ និងបាល់បោះនៅវិទ្យាល័យនេះ គឺជាសមិទ្ធផលទីពីរដែលសាលាទទួលបានពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយកាលពីឆ្នាំ២០១៦-២០១៧ ក្រុមហ៊ុនបានឧបត្ថម្ភរបងជុំវិញស្រះទឹក និងការ៉ូឡាជុំវិញដងទង់ជាតិ។ ក្នុងឆ្នាំ២០១៨ សាលាទទួលបានសមិទ្ធផលពីរធំៗបន្ថែមទៀតពីក្រុមហ៊ុន គឺតារាងបាល់ទាត់ និងបាល់បោះ ក្រោមគម្រោងសាលាស្អាត របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ក្រោមគម្រោងសាលាស្អាតក្នុងឆ្នាំ២០១៨ ក្រៅពីវិទ្យាល័យទួលអំពិល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានជួយកែលម្អហេដ្ឋរចនាសម្ព័ន្ធក្នុងសាលាចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ និងសាលា៦ក្នុងខេត្តបាត់ដំបងផងដែរ៕