(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល ប្រធាននាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ បានដឹកនាំនាយទាហាន និងកងកម្លាំងក្នុងនាយកដ្ឋានរបស់ខ្លួន ប្រមាណ៣៥នាក់ ចូលរួមបរិច្ចាគឈាម ជាលើកទី១ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩នេះ ដើម្បីជាចំណែកមួយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងត្រូវការឈាមជាចាំបាច់។
ថ្លែងនៅក្នុងពិធីបរិច្ចាគឈាម លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃការបរិច្ចាគឈាមនៅថ្ងៃនេះ គឺយើងធ្វើឡើងដើម្បីចូលជួយសង្គមជាតិ និងបង្វែពីការជូនផ្កាកូលាបឲ្យគ្នាទៅវិញទៅមក មកធ្វើការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្សវិញ ទើបជាការប្រសើរបំផុត ហើយក៏ជាការឆ្លើយតបទៅនឹងការកង្វះខាតឈាមយ៉ាងច្រើន ដែលលោកបានមើលឃើញជាក់ស្ដែង តាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមវិទ្យុ ពីសំណាក់អ្នកជំងឺ ដែលជាជនក្រីក្រមួយចំនួន។
ក្នុងនាមលោកជាប្រធាននាយកដ្ឋាន ជាកងយោធពលខេមរភូមិន្ទ មិនថាអ្នកនៅជួរមុខ ឬជួរក្រោយនោះទេ គឺបានប្រមែប្រមូលគ្នា ស្ម័គ្រចិត្តនៅក្នុងការមបរិច្ចាគឈាម ដែលជាការរួមចំណែកមួយ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានធ្វើការអំពាវនាវ ដល់បងប្អូន យុវវ័យ បរិច្ចាគឈាមក្នុងទិវានៃក្ដីស្រឡាញ់នេះ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា យើងដឹងហើយថា ឈាមមួយកំប្លោក គឺជាជីវិតមួយ ដូច្នេះយើងបានបំផុតគំនិតឲ្យបងប្អូន ជានាយទាហាន នាំគ្នាមកបរិច្ចាគឈាមនៅថ្ងៃនេះឲ្យបានច្រើន និងនៅថ្ងៃខាងមុខជាបន្តបន្ទាប់ទៀត។ តាមការពិតថ្ងៃនេះ ជាថ្ងៃនៃក្ដីស្រឡាញ់ ជាវប្បធម៌របស់អឺរ៉ុបទេ ប៉ុន្ដែប្រជាពលរដ្ឋយើង តែងតែមិនប្រកាន់ពូជសាសន៍ ឬប្រកាន់វប្បធម៌អ្វីនោះទេ ព្រោះក្ដីស្រឡាញ់គឺមានសម្រាប់មនុស្សគ្រប់ៗគ្នាគ្រប់ជាតិសាសន៍ ដោយយើងឆ្លៀតយកឱកាសនេះ ចង់បង្វែផ្នត់គំនិតខ្មែរយើង ឲ្យចេះជួយគ្នា ក្នុងថ្ងៃនៃក្ដីស្រឡាញ់វិញ។
លោកបន្តថា ឆ្លៀតនៅក្នុងឱកាសនេះ លោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ កងកម្លាំងគ្រប់ជាន់ថ្នាក់ តាមបណ្ដាមន្ទីរក្រសួងនានា ជួយគាំទ្រ និងឲ្យចូលរួមបរិច្ចាគឈាម ឲ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្គ្រោះជីវិមនុស្ស។
ដោយឡែកលោក វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជននានា ជាពិសេសបងប្អូននាយទាហានមកពី នាយកដ្ឋានបញ្ជូនសារ នៃក្រសួងការពារជាតិ ដែលបានស្ម័គ្រចិត្ត មកបរិច្ចាគឈាម ក្នុងថ្ងៃនៃក្ដីស្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឈាម ចាំបាច់ ដែលកំពុងខ្វះខាតសព្វថ្ងៃ។
លោកបញ្ជាក់ថា បើគិតជាមធ្យម ក្នុងមួយថ្ងៃ គឺមានតម្រូវការឈាមរហូតដល់ទៅ២០០កំប្លោក តាមមន្ទីរពេទ្យនានាក្នុងប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលជាអាត្រាមួយខ្ពស់បំផុត ខណៈដែលការបរិច្ចាគ ពីសំណាក់បងប្អូននានា គិតជាមធ្យមក្នុងមួយថ្ងៃ គឺបានត្រឹមតែ១០០កំប្លោកប៉ុណ្ណោះ ប្រសិនបើគ្មានយុទ្ធនាការផ្សព្វផ្សាយ ដូចថ្ងៃនេះទេ៕