(កោះកុង)៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានជំរុញឲ្យអាជ្ញាធរ ក្រុង-ស្រុក និងមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវធ្វើការទប់ស្កាត់ឲ្យបាន ក្នុងការវិវាទដីរបស់រដ្ឋ ត្រូវជួយទប់ស្កាត់ការកាប់ទន្រ្ទានដីរបស់រដ្ឋឲ្យបានគង់វង្ស មិនត្រូវឲ្យបាត់ដីរដ្ឋក្លាយជាដីឯកជនឡើយ ព្រោះភាគច្រើន គឺមានតែមន្ត្រីរាជការដែលជាអ្នករំលោភបំពានលើដីរដ្ឋ។
លោក សុខ សុទ្ធី បានថ្លែងដូនេះ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតី នៅក្នុងសន្និតបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ របស់មន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ដោយមានការចូលរួមជាអធិបតីពីលោក ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ ក្រសួងចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងមន្ត្រីក្រោមឱវាទ និងមន្ត្រីរាជការគ្រប់ស្ថាប័នជាច្រើរូបផងដែរ។
លោក សុខ សុទ្ធី បានថ្លែងថា មន្ទីររៀបចំដែនដីខេត្ត និងការិយាល័យរៀបចំដែនដីក្រុង-ស្រុក ត្រូវបន្តជំរុញ និងខិតខំបន្ថែមទៀត ក្នុងការអនុវត្តន៍ប្រកាស និងការណែនាំរបស់ក្រសួងកន្លងមក ឲ្យកាន់តែមានប្រសិទ្ធិភាព ពិសេសពាក់ព័ន្ធនឹងការកសាង គំនូសប្លង់ទីតាំងដី ភ្ជាប់ជាមួយនឹងឯកសារសុំផ្ទេរសិទ្ធិដីធ្លី និងការកសាងផែនទីហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងភូមិឃុំ សង្កាត់ ក្នុងតំបន់វិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីជាប្រព័ន្ធ។ រដ្ឋបាលក្រុង-ស្រុក និងឃុំត្រូវចាត់ទុកការងារនេះជាកិច្ចការអាទិភាព និងជាគន្លឹះនៃការងារដឹកនាំក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
លោកបន្តថា ពាក់ព័ន្ធនឹងផែនការរបស់ក្រសួងដល់ឆ្នាំ២០២០ ត្រូវសម្រេចឲ្យបាន ៧លានក្បាលដី សូមមន្ទីរធ្វើផែនការអនុវត្តន៍បានច្បាស់លាស់ពីពេលនេះ ដល់ឆ្នាំ២០២០ តើខេត្តកោះកុងយើង នឹងមានប៉ុន្មានក្បាលដី នឹងត្រូវចុះបញ្ជីនៅតាមឃុំ/សង្កាត់មានប៉ុន្មាន? រាប់ទាំងផែនការធនធានមនុស្សជូនក្រសួង ហើយគណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មថ្នាក់ខេត្ត និងនៅថ្នាក់ក្រុង-ស្រុក ពិសេសអភិបាលក្រុង-ស្រុកផ្ទាល់ត្រូវដឹកនាំ និងជំរុញការងាររៀបចំដែនដី និងនគរូបនីយកម្ម (ថ្នាក់ក្រោមជាតិ) ដើម្បីធ្វើជាមូលដ្ឋាននៃវិធានការដី និងការស្រង់ទិសដៅ នៃការអភិវឌ្ឍដី បានស្របនឹងសក្តានុពលនៃដី និងផែនការយុទ្ធសាស្រ្តតម្រងទិសដៅការអភិវឌ្ឍតំបន់ឆ្នេរ ដែលរាជរដ្ឋាភិបាលដាក់ចេញ។
លោកបានបញ្ជាក់ថា មន្ត្រីរាជការត្រូវជួយទប់ស្កាត់ការកាប់ទន្រ្ទាន់ដីរបស់រដ្ឋឱ្យបានគង់វង់ មិនត្រូវឱ្យបាត់ដីរបស់ក្លាយជាដីឯកជនឡើយ ព្រោះភាគច្រើនគឺមានតែមន្ត្រីរាជការ ដែលជាអ្នករំលោភបំពានលើដីរដ្ឋ៕