(ក្រចេះ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំកម្មវិធីយល់ដឹងអំពីពុទ្ធសាសនា ក្រោមប្រធានបទ «ក្ដីស្រលាញ់របស់យុវជនសម្រាប់ យើងទាំងអស់គ្នា» ១៤ កុម្ភៈ គឺជាថ្ងៃបុណ្យ នៃក្តីស្រលាញ់ដែលពិភពលោកតែងតែប្រារព្ធឡើង មិនសំដៅទៅលើគូស្នេហ៍នោះទេ តែយុវជនមួយចំនួនធំ បានយល់ខុសចំពោះថ្ងៃនេះ ហើយបានប្រព្រឹត្តខុសច្បាប់នៃបុណ្យនេះ។
សម្រាប់កម្ពុជាចំពោះថ្ងៃ១៤ កុម្ភៈ ២០១៩នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំផ្ញើទៅកាន់សុភាពនារីទាំងឡាយថា សូមកុំប្រគល់ខ្លួនឲ្យបុរសជាសង្សានៅថ្ងៃបុណ្យ នៃក្ដីស្រលាញ់នេះឲ្យសោះ ព្រោះមិនមែនជាទំនៀមទម្លាប់របស់ខ្មែរនោះឡើយ។ ស្របនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រចេះ ដឹកនាំដោយលោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីកម្មវិធីនេះនៅវិទ្យាល័យសិលាវេទីគាតឈុន ស្ថិតនៅស្រុកឆ្លូង។
ការរៀបចំពិធីនេះ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងពីទិវានេះទៅដល់សិស្សានុសិស្ស និងយុវវ័យឲ្យយល់ពីអត្ថន័យទិវានៃក្តីស្រលាញ់ឲ្យកាន់តែច្បាស់ ព្រោះតែកន្លងមកស្រទាប់យុវវ័យមួយចំនួន មានការយល់ច្រឡំបង្កឲ្យមានការប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
លោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ បានលើកឡើងថា កម្មវិធីធ្វើឡើងនេះ ដើម្បីទប់ស្កាត់ និងអប់រំផ្សព្វផ្សាយ មិនត្រឹមតែសិស្សក្នុងវិទ្យាល័យសិលាវេទីគាតឈន់នោះទេ គឺចង់ឲ្យយុវវ័យភាគច្រើនដែលយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ដែលជា «ទិវាថ្ងៃនៃ ក្តីស្រលាញ់» នោះ គឺជា «ថ្ងៃបុណ្យសង្សារ» ដែលភាគច្រើនគូសង្សារតែងតែទិញផ្កាកុលាប ឬក៏វត្ថុអនុស្សាវរីយ ជូនទៅសង្សារនៅថ្ងៃនោះ។
នៅថ្ងៃនោះ ក៏មានសិស្សានុសិស្សមួយចំនួន ថែមទាំងនាំគ្នាភ្លើតភ្លើនខ្លួន ទន់ទោរតាមការអូសទាញលួងលោមពីសង្សារនាំឲ្យខូចខ្លួនប្រាណ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមគ្រួសារ និងធ្វើឲ្យអាប់ឱនដល់ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរ។ មួយវិញទៀត ចង់ផ្សព្វផ្សាយឲ្យទូលំទូលាយជាសាធារណៈ ឲ្យយល់ពីទិវានៃក្តីស្រលាញ់ក្នុងបំណងចូលរួមលើកកម្ពស់យល់ដឹងមិន មែនជាថ្ងៃលះបង់ខ្លួនប្រាណឡើយ៕