(ភ្នំពេញ)៖ ករណីហិង្សានៅក្នុងគ្រួសារមួយបានកើតឡើង បន្ទាប់ពីបុរសជាប្តីបានយកទូរស័ព្ទតេទៅស្ត្រីជាប្រពន្ធ ហើយមិនព្រមលើក ខណៈដែលនាងមកដល់ផ្ទះ ក៏កើតជាជម្លោះពាក្យសំដីរហូត ឈានដល់ការប្រើប្រាស់អំពើហិង្សា វាយទៅវាយមកប្តីវាយ និងច្របាច់កប្រពន្ធ រហូតសន្លប់នៅក្នុងបន្ទប់ កូនស្រែទ្រហ៊ោយំពេញផ្ទះ ផ្អើលអ្នកជិតខាង ប្តឹងទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ ចាប់វាយខ្នោះបុរសជាប្តីភ្លាមៗ ដើម្បីសួរនាំតាមនីតិវិធី។
ហេតុការដ៏ហិង្សានៅក្នុងគ្រួសារដែលភាពភ្ញាក់ផ្អើលនេះ បានកើតឡើងកាលវេលាម៉ោង០៨៖០០យប់នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា បុរសជាប្តីឈ្មោះ ផាន់ សុវន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ីរស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកឯជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាន់ វី ហៅលីន អាយុ២៩ឆ្នាំ មុខរបរមើលការខុសត្រូវទូរហ្គេម និងមានកូន២នាក់។
តាមន្ត្រីនគរបាលបាល បានបន្តថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានឮសំឡេង គ្រួសារខាងលើ មានជម្លោះនៅក្នុងគ្រួសារ ដោយឮបោករបស់របរក្នុងផ្ទះ ហើយឮសំឡេងកូនយំទ្រហឹងពេញផ្ទះ ហើយបន្ទាប់មកកូនប្រុសរបស់ពួកគាត់ បានចេញមកពីក្នុងផ្ទះ ហើយប្រាប់ថាឪពុកម្តាយរបស់ខ្លួន កំពុងវាយគ្នាទៅវិញទៅមក ភ្លាមៗនោះប្រជាពលរដ្ឋនៅភូមិខាងលើ ក៏បានតេប្តឹងឱ្យសមត្ថកិច្ចមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។
មន្ត្រីនគរបាលបានបន្តថា ខណៈពេលប្រជាពលរដ្ឋតេប្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្តី មានរបួសស្នាមក្រចកពេញខ្លួន តែមិនឃើញប្រពន្ធ ខណៈពេលនោះដែលសមត្ថកិច្ចបានស្រែកហៅប្រពន្ធ តែមិនឮសំឡេងឆ្លើយតប ហើយសមត្ថកិច្ចមានការសង្ស័យ បានឡើងទៅលើឡៅតឿ ដោយឃើញស្រ្តីជាប្រពន្ធបានសន្លប់ស្ដូកស្ដឹងនៅលើពូក ភ្លាមៗបានហៅប្រជាពលរដ្ឋនៅក្បែរនោះជួយធ្វើចលនា ដង្ហើមនឹងបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ។
មន្ត្រីនគរបាល បានឱ្យដឹងថា ករណីដែលបង្កឱ្យកើតអំពើហិង្សានៅក្នុងគ្រួសារខាងលើនេះ គឺដោយសារតែបុរសជាប្តីមិនសូវស្រួលខ្លួន ក៏បានតេទៅប្រពន្ធគាត់ជាច្រើនដង តែប្រពន្ធគាត់មិនព្រមទទួល មួយសន្ទុះក្រោយមក នៅពេលដែលប្រពន្ធរបស់ខ្លួនលើកទូរស័ព្ទ ណាមួយដោយសារតែខឹងខ្លាំងពេកខ្លួន ក៏បានជេរប្រមាថប្រពន្ធគាត់យ៉ាងខ្លាំង និងបានទៅរករឿងនៅកន្លែងធ្វើការតែម្ដង។
ព្រមទាំងបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈដែលមកដល់ផ្ទះ វិញប្រពន្ធរបស់គាត់ បានបោករូបថត អាពាហ៍ពិពាហ៍ចោល ហើយប្តីបានបោកទូរស័ព្ទប្រពន្ធចោលវិញដែរ។ រហូតឈានដល់ការកើតហិង្សាវាយតប់គ្នាទៅវិញទៅមក បុរសជាប្តីចាប់បោចសក់ច្របាច់កបណ្តាល ឱ្យស្ត្រីជាប្រពន្ធសន្លប់។ ចំណែកខាងប្តីក៏បានរងរបួសពេញខ្លួនផងដែរ ដោយសារប្រពន្ធខាំនឹងក្រញ៉ៅស្នាមក្រចក ពេញពេញខ្លួន។
ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះជាប្រពន្ធ មិនបានប្តឹងផ្តល់ទៅលើប្តីរបស់ខ្លួនទេ ប៉ុន្តែសូមឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យានឹងឱ្យត្រឡប់ទៅផ្ទះវិញភ្លាមៗផងដែរ៕