(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ ទទួលបានភារកិច្ចពីលោក ជា ពិសី អភិបាលខណ្ឌ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំលោកនាយក នាយករងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល អធិការរងខណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ ប្រជាការពារ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបន្តប្រតិបត្តិការដ៏ក្ដៅគគុក ក្នុងការស្រាវជ្រាវ រហូតឈានដល់ការលបឆ្មក់បង្ក្រាបបាន នូវទីតាំងបនល្បែង២កន្លែងផ្ទួនៗគ្នា និងដកហូតបានទូហ្គេម បាញ់ត្រីធំៗ ចំនួន៧គ្រឿង ក្នុងនោះមានហ្គេមពង់បៀ ចំនួន៥គ្រឿង និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ យកមកអប់រំ។
ប្រតិបត្តិការដ៏ក្ដៅ ក្នុងការបង្ក្រាបបទល្មើសបើកបនលេងល្បែងដល់ទៅ២ទីតាំង និងដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿងធំៗ និងទូហ្គេមបៀរ៥គ្រឿង របស់អាជ្ញាធរខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើងក្នុងពេលចុះរដ្ឋបាល ដើម្បីអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសេចក្ដីរាយការណ៍ពីអាជ្ញាធរថ្នាក់មូលដ្ឋាន សង្កាត់-ភូមិ ទើបឈានដល់ការ បន្តស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់បាននូវទីតាំង និងពេលវេលា នៃការប្រប្រត្តបទល្មើស ជាមុនសិន ដើម្បីរកឱកាសល្អ ក្នុងការប្រើវិធានការចុះរដ្ឋបាល ឈានដល់បើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ដកហូតបានទូហ្គេមបាញ់ត្រីធំៗ ចំនួន៧គ្រឿង ក្នុងនោះ មានទូហ្គេមពង់បៀរ ចំនួន៥គ្រឿង និងទូរហ្គេមបាញ់ត្រី ចំនួន២គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីរងចាំវាយដុតកម្ទេចចោល នៅពេលក្រោយ។
សូមរំឮកថា កាលពីដើមឆ្នាំ២០១៨ ក្នុងថ្ងៃទី១៧ ខែមករា កន្លងទៅរដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បានរៀបចំពិធីវាយកម្ទេចដុតទូហ្គេមចោល ចំនួន២១គ្រឿង នៅត្រង់ចំណុចដីឡូត៍ទំនេរមួយកន្លែង ខាងលិចវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុងពិធីវាយដុតកម្ទេចចោលទូហ្គេមបាញ់ត្រី ចំនួន២១គ្រឿងនេះដែរ លោក ជា ពិសី បានប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុង ប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាល ខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ។
ជាមួយគ្នានោះ ក្នុងពេលថ្មីៗនេះ ទូរហ្គេមសម្រាប់លេងភ្នាល់តាម Online ចំនួន១២គ្រឿង ដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ទាំងយប់ទាំងថ្ងៃ របស់ជនជាតិចិន ស្ថិតនៅតាមបណ្ដោយ ផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ត្រូវបានលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ ដែលទើបឡើងកាន់តំណែងថ្មោងថ្មី និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ក្រោមការដឹកនាំបញ្ជាពីលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបដកហូតផងដែរ កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩៕