(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងឲ្យដឹងថា ទោះបីជាមានការដកប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី អ្វីៗទាំងអស់លេីកលែងតែអាវុធ (EBA) ក៏មិនធ្វេីឱ្យកម្ពុជាបាត់បង់ទីផ្សារអឺរ៉ុបដែរ ហេីយតម្លៃទំនិញកម្ពុជា នៅលេីទីផ្សារអឺរ៉ុប នឹងនៅតែប្រហាក់ប្រហែលនឹងពេលអត់យកពន្ធតែប៉ុណ្ណោះ។
ការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការងា បានធ្វេីឡេីងបន្ទាប់ពី គណៈកម្មការសហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន ចំពោះប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា ដោយបានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម។ ការចូលជាធរមាន នៃការដក EBA នឹងមាន រយៈពេល១៨ខែ ពេលគឺ EBA នេះអាចដកចេញពីកម្ពុជា នៅក្នុងឆ្នាំ២០២០។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនជាឈានដល់ការដកមែន មានន័យថាផលិតផលនៅកម្ពុជា ដែលយកចូលដល់ទីផ្សារអឺរ៉ុប ត្រូវបង់ពន្ធបន្ថែមប្រមាណ១២ភាគរយ ហើយអ្នកបង់ពន្ធបន្ថែមនេះ គឺអ្នកដែលនៅក្នុងទីផ្សារអឺរ៉ុប រីឯប្រភពដើម ដែលផលិតនៅកម្ពុជា គេធ្លាប់បញ្ជាទិញថ្លៃប៉ុនណា គឺគេរក្សាថ្លៃបញ្ជាទិញនោះ មកយើងដដែលទេ ប៉ុន្តែក្នុងករណីដែល រាជរដ្ឋាភិបាលរៀបចំនូវយន្តការកំណែទម្រង់មួយ ដែលអាចជួយដល់ថ្លៃការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការនាំចេញនេះ វាមានតម្លៃកាន់តែធូរជាងមុន ក៏វាអាចធ្វើឲ្យតម្លៃដែលទំនិញរបស់យើង ចេញទៅផ្សារអឺរ៉ុបនេះ គឺទោះបីជាគេយកពន្ធ ក៏វាស្ថិតក្នុងតម្លៃចុងក្រោយមួយ ប្រហាក់ប្រហែលមុនពេលគេអត់យកពន្ធដែរ»។
អ្នកនាំពាក្យរូបនេះបានពន្យល់ថា បើទោះបីជាដំណើរការនៃការដក EBAនេះ នៅតែបន្តទៅមុខក៏ដោយ ក៏យើងមិនមានការព្រួយបារម្ភថា យើងមិនអាចគ្រប់គ្រងបាននោះឡេីយ ពីព្រោះក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ហើយត្រូវបានចាត់ទុក ជាប្រទេសមានភាពជោគជ័យ ក្នុងការរុញកំណើនសេដ្ឋកិច្ច ដែលលូតលាស់ជាងគេបំផុតនៅក្នុងពិភពលោក។ យើងបានឆក់ឱកាសដែលយើង មានការរីកចម្រើនសេដ្ឋកិច្ចនេះ ពង្រឹងនូវហេដ្ឋរចនាសម្ព័ន្ធ ពង្រឹងនូវលិខិតបទដ្ឋានគតិយុត្ត ក៏ដូចជារៀបចំឲ្យមានផែនការយូរអង្វែងមួយ។
លោកបានបន្តថា យើងបានត្រៀមលក្ខណៈនេះជាយូរដែរហើយ ហើយយើងបានឃើញថា ថ្មីៗនេះយើងក៏បានត្រៀមនូវកញ្ចប់អន្តរាគមន៍ ដើម្បីត្រៀមធ្វើការកែទម្រង់ដើម្បីធ្វើម៉េច ឲ្យរចនាសម្ព័ន្ធ ក៏ដូចជាសង្វាក់ផលិតកម្ម នៃសេដ្ឋកិច្ចរបស់យើង ជាពិសេសក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើងរបស់យើងនេះ នៅមានលទ្ធភាពដើម្បីបន្ត និរន្តរភាពរបស់ខ្លួន។
អ្នកជំនាញជាន់ខ្ពស់បានបន្ថែមថា «ក្រៅពីកញ្ចប់ ដែលយើងបានអន្តរាគមន៍ ហើយដែលខ្ញុំជឿថា ទស្សនិកជនយើងបានជ្រាបហើយ ទីមួយគឺរាជរដ្ឋាភិបាល គឺសម្តេចតេជោ បានប្រកាសរួចហើយថា យើងកែសម្រួលស្ថាប័នដែលមិនចាំបាច់ ចេញពីច្រកនាំចេញ ដើម្បីធ្វើម៉េចឲ្យការបំពេញឯកសារ ក្នុងការនាំទំនិញចេញក៏ដូចជាចូលនេះ មានលក្ខណៈរហ័ស និងកាត់បន្ថយចំណាយមួយចំនួន ហើយក៏បានលុបចោលនូវអាជ្ញាធរមួយចំនួន ដើម្បីធ្វើម៉េចឲ្យដំណើរការធ្វើនាវាចរណ៍ ឬក៏ការលើកដាក់ទំនិញនេះ កាន់តែប្រសើរ ហើយយើងក៏បានកែសម្រួល នូវសេវាមួយចំនួនដែលមិនចាំបាច់ ដូចជាក្រសួងពាណិជ្ជកម្ម គាត់បានលុបចោលនូវសេវាគ្រប់គ្រងថ្លៃនាំចេញ លុបចោលនូវ EO និងការកាត់ស្តុកនេះ គឺវាជាចំណែកដែលធ្វើឲ្យថ្លៃដើមនេះ មានការថយ។ ទន្ទឹមនឹងនេះ យើងក៏បានត្រៀមរៀបចំនូវចំណុចមួយទៀត គឺធ្វើម៉េចឲ្យផលិតភាពនៃកម្លាំងរបស់យើង កាន់តែមានលក្ខណៈល្អប្រសើរ ដើម្បីធ្វើម៉េចឲ្យផលិតភាពមានកំណើន អញ្ចឹងវាក៏អាចជួយតម្លៃផលិតផលរបស់យើងនេះ វាធូរថ្លៃបន្តិចដែរ។ ហើយមួយទៀត យើងក៏បានកាត់បន្ថយថ្លៃដើមអគ្គិសនី ដែលកាលពីឆ្នាំ២០១៨កន្លងទៅ ក្នុងមួយគីឡូវ៉ាត់ម៉ោង គឺ០,១៦៤ដុល្លារ ប៉ុន្តែចាប់ពីឆ្នាំ២០១៩នេះទៅ នៅសល់តែ០,១៤៧ ដុល្លារទេ គិតទៅនៅសល់តែ យើងកាត់នៅសល់តែ០,០២ភាគរយ អញ្ចឹងវាអាចជួយសង្វាក់ផលិតកម្មនេះផងដែរ។ ក្រៅពីនេះ កម្ពុជាមានដៃគូពាណិជ្ជកម្មដទៃផ្សេងទៀត ក្រៅពីសហគមន៍អឺរ៉ុប ក្រៅពីសហរដ្ឋអាមេរិក ហើយអ្វីដែលយើងបានឃើញ គឺថាដៃគូពាណិជ្ជកម្មរបស់យើង ផ្សេងពីប្រទេសនេះក៏កំពុងតែបង្កើន នូវការភ្ជាប់សង្វាក់ផលិតកម្ម ពីកម្ពុជាទៅនឹងសង្វាក់ផលិតកម្មប្រទេសរបស់គេ។ នៅក្នុងពិភពលោកយើងនេះ បច្ចុប្បន្នមានប្រទេស៣ ដែលផលិតនូវសម្លៀកបំពាក់ និងស្បែកជើងច្រើនជាងគេ ទី១គឺចិន ទី២បង់ក្លាដេស ហើយទី៣គឺវៀតណាម»។
លោក ហេង សួរ បានប្រៀបធៀបឱកាសសម្រាប់ឧស្សាហកម្មនៅកម្ពុជា ជាមួយប្រទេសមួយចំនួន ដែលលោកថ្លែងថា ការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មនៅប្រទេសចិន និងប្រទេសវៀតណាម ក៏វាធ្វើឲ្យទំនិញវាយនភ័ណ្ឌ ស្បែកជើងពីប្រទេសទាំងអស់នោះ មានការកើនឡើងតម្លៃដែរ ហើយនៅឯប្រទេសបង់ក្លាដេស ក៏មានការកើនប្រាក់ឈ្នួលមួយ រហូតដល់ទៅជាង៦០ភាគរយ អញ្ចឹងបើធៀបជាសមាមាត្រល្បឿន មានន័យថា បើទោះបីជាសហគមន៍អឺរ៉ុប នៅឆ្នាំ២០២០ លែងផ្តល់ការអនុគ្រោះពន្ធពីយើង យើងត្រូវបង់ពន្ធ១២ភាគរយ ប៉ុន្តែកំណើនប្រាក់ឈ្នួល និងកំណើនពលកម្មនៅប្រទេសមួយចំនួនផ្សេងទៀត ដែលវាគិតទៅខ្ទង់១២ ឬក៏១៥ភាគរយ ដែលអឺរ៉ុបយកពន្ធពីយើងនេះមានន័យថា ភាពប្រកួតប្រជែងរបស់យើង គឺវានៅស្របជាមួយប្រទេសដែល ជាគូប្រកួតប្រជែងយើងនៅឡើយទេ។
«អញ្ចឹងខ្ញុំមិនគិតថា វាជារឿងដែលកម្ពុជាត្រូវបញ្ចប់នូវវិស័យវាយនភ័ណ្ឌ កាត់ដេររបស់ខ្លួននោះទេ ពីព្រោះពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបគឺនៅបន្ត គ្រាន់តែយើងនៅបង់ពន្ធ ហើយយើងត្រូវពង្រឹងនូវភាពប្រកួតប្រជែងរបស់យើង ដោយផ្អែកពីកំណែទម្រង់ពិតប្រាកដ ដែលអាចធ្វើឲ្យយើងរស់ ហើយមានភាពទាក់ទាញជាងមុន ហើយដែលអាចធ្វើឲ្យយើងកាន់តែឈ្មួសឈ្មុល ដើម្បីបើកទីផ្សារដទៃផ្សេងទៀត និងត្រៀមលក្ខណៈសម្បត្តិដើម្បីទាញយក នូវដៃគូវិនិយោគថ្មីៗរបស់យើង ដើម្បីផ្សារភ្ជាប់សង្វាក់ផលិតកម្មនៅកម្ពុជាយើង ទៅនឹងសង្វាក់ផលិតកម្មរបស់គាត់។ ហើយដូចខ្ញុំបញ្ជាក់អញ្ចឹង នៅពេលយើងយកតែខ្លួនមួយទៅនិយាយ យើងថាពីមុនគេយកពន្ធ ឥឡូវបើគេយកពន្ធយើង យើងនឹងថ្លៃជាងមុន ប៉ុន្តែយើងកុំភ្លេចថា ប្រទេសដែលអឺរ៉ុបមិនយកពន្ធ ឬក៏ធ្លាប់យកពន្ធហ្នឹង ក៏តម្លៃផលិតនៅស្រុកគេហ្នឹង ក៏វាកើនចង់លើសអា១២ភាគរយ ដែលអឺរ៉ុបត្រូវយកពន្ធហ្នឹងផង អញ្ចឹងសម្រាប់អ្នកវិនិយោគ បើរត់ទៅប្រទេសនោះមួយទៀត ពីកម្ពុជាត្រូវប្រឈមនឹងកំណើន ថ្លៃដើមប្រហាក់ប្រហែលនឹងកំណើនពន្ធ ដែលអឺរ៉ុបអាចនឹងយកពីកម្ពុជាដែរ ដែលគេចាំបាច់រើរោងចក្រ រើផលិតផលគេទៅធ្វើអី ពីព្រោះគេក៏មិនផ្ញើវាសនាសង្វាក់ផលិតកម្មរបស់គេ ទៅតែប្រទេសណាមួយនោះទេ»។ នេះបេីតាមការបន្ថែមរបស់ លោក ហេង សួរ។
លោកបានបន្តថា ជាទូទៅម៉ាកល្បីៗរបស់ពិភពលោក គឺគេមានសង្វាក់ផលិតកម្មប្រទាក់ក្រឡាគ្នា ហើយជាពិសេសប្រទេសដែលនៅក្បែរខាង អញ្ចឹងបានជាយើងឃើញចិន វៀតណាម បង់ក្លាដេស ហើយកម្ពុជា គឺស្ថិតក្នុងចង្កោមមួយដែលវាមានទីតាំងភូមិសាស្ត្រប្រហាក់ប្រហែលគ្នា ដែលគេងាយនឹងចល័តទៅវិញទៅមក ក្នុងករណីដែលវាមានឧបទ្ទវហេតុណាមួយ នៅបង់ក្លាដេស ឬនៅវៀតណាម គេអាចផ្ទេរមកកម្ពុជា ក្នុងរយៈពេលបណ្តោះអាសន្ន ហើយក្នុងរយៈពេលដែលកម្ពុជា ស្ថិតក្នុងភាពស្រពិចស្រពិលណាមួយ គឺគេអាចបង្វិលទៅទីនោះបណ្តោះអាសន្ន ប៉ុន្តែនៅពេលដែលសភាពការណ៍យ៉ាងម៉េចវានឹងវិល។
ឆ្លៀតឱកាសនេះ លោកបានរិះគន់នូវការបង្កេីត ព័ត៌មានមួយចំនួន ដែលបំផុសហាក់បីដូចជាកម្ពុជា ដល់ទីទាល់ច្រកមួយ។ លោកចាត់ទុកថា នេះគឺជាការបំភាន់ព័ត៌មាន ក្នុងគោលបំណងបំភ័យ ប្រជាពលរដ្ឋខ្មែរ ពិសេសកម្មករនិយោជិត នៅក្នុងផ្នែកវិស័យកាត់ដេរ និងសម្លៀកបំពាក់តែម្តង។ លោកបញ្ជាក់ថា តំណាងរបស់កម្មករនយោជិត ដែលជាមេដឹកនាំសហជីព ក៏ប្រហែលជាអាចធ្វើជាសាក្ស៉ីបានដែរថា នៅពេលមិនដល់២អាទិត្យមុននេះផង ម៉ាកល្បីៗដែលបន្តបញ្ជាទិញនៅកម្ពុជា នៅតែជួបមេដឹកនាំសហជីព។
លោកបញ្ជាក់ទៀតយ៉ាងដូច្នេះថា «ហើយបញ្ជាក់ថាគេមិនដកថយពីកម្ពុជាយើង បើទោះបីជាគេត្រូវប្រឈមនឹងការបង់ពន្ធបន្ថែមក៏ដោយ អញ្ចឹងខ្ញុំជឿថា បងប្អូនកម្មករនយោជិតរបស់យើង បើស្តាប់ព័ត៌មានអាចខុស ប៉ុន្តែអាចសួរទៅដល់មេដឹកនាំសហជីពរបស់ខ្លួន ដែលធ្លាប់ជួយចរចារ ជាមួយម្ចាស់ម៉ាកមួយចំនួននៅពេលថ្មីៗនេះ ខ្ញុំគិតថាយើងអាចមានប្រភពព័ត៌មានទី២ផ្សេងទៀត ក្រៅពីខ្ញុំក្រៅពីរដ្ឋាភិបាល ដើម្បីបញ្ជាក់ថា វាមិនមានអ្វីដែលជាក្តីបារម្ភសម្រាប់ការប្រកាស ផ្តើមដំណើរការដក EBA ពីកម្ពុជាដោយសហគមន៍អឺរ៉ុបនោះទេ»៕