(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្នងការរងនគរបាលរាជធានីភ្នំពេញចំនួន៣រូប ត្រូវបានដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ (ផ្កាយ២) ព្រមទាំងប្រកាសតែងតាំង អធិការនគរបាលខណ្ឌមានជ័យថ្មី គឺលោក ម៉េង វិមានតារា ជំនួសលោក តេង ស៊ីណូ ដែលត្រូវចូលនិវត្តន៍។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ។
ស្នងការរងនគរបាលរាជធានីភ្នំពេញទាំង៣រូប ដែលត្រូវបានតម្លើងផ្កាយ២រួមមាន៖ លោកឧត្តមសេនីយ៍ត្រី ភួង ម៉ាល័យ, លោកឧត្តមសេនីយ៍ត្រី សុង លី និងលោកឧត្តមសេនីយ៍ត្រី បេង ដាណារ៉ា។
នៅក្នុងឱកាសនោះ ក៏បានប្រកាសតែងតាំងស្នងការរងនគរបាលចំនួន២រូប ថ្នាក់នាយការិយាល័យ១រូប នាយរងការិយាល័យចំនួន៧រូប និងថ្នាក់អធិការរងនគរបាលចំនួន៥រូបផងដែរ៕