Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ខ្លួនជនជាតិវៀតណាម៤នាក់ ពាក់ព័ន្ធគ្រឿងញៀន នៅក្រុងបាវិត ដកហូតវត្ថុតាងមួយចំនួនធំ

15-02-2019 10:45

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង សហការជាមួយរដ្ឋបាលក្រុងបាវិត និងនគរបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងលោកវរសេនីយ៍ឯក ឃន តារាសម្បត្តិ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ចុះត្រួតពិនិត្យរដ្ឋបាល នៅតាមបណ្ដាផ្ទះជួល បានរកឃើញជនវៀតណាម៤នាក់ ស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ច បានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួលនេះ បានឃាត់ខ្លួនជនជាតិវៀតណាម ៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន មានដូចជា៖ ទី១៖ ឈ្មោះ ហាយ វៀកហុង ភេទប្រុស អាយុ៦៦ឆ្នាំ, ទី២៖ ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ, ទី៣៖ ឈ្មោះ ប៊ួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ និងទី៤៖ ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានដកហូតវត្ថុតាង ម្សៅក្រាមពណ៍សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន ៣កញ្ចប់ធំ, ថ្នាំគ្រាប់ (អ៉ិចស្តាស៊ី) ចំនួន ៤០គ្រាប់ និងទូរស័ព្ទដៃចំនួន ៥គ្រឿង។ សមត្ថកិច្ចបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យខាងជំនាញគ្រឿងញៀន ក្រុងបាវិត ដើម្បីបន្តនីតិវិធី៕