(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលមានផែនការ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ពាក់ព័ន្ធករណី EBA ដូច្នេះសូមបងប្អូនកម្មករ កម្មការិនីរោងចក្រកុំព្រួយបារម្ភ ឬចាញ់បោកការឃោសនាបំប៉ោងរបស់ក្រុមបំផ្លាញជាតិ។
លោក ហេង សួរ បានថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ Fresh News បានអះអាងយ៉ាងដូច្នេះថា ទំនិញឡើងថ្លៃនៅអ៊ឺរ៉ុប អាចបណ្តាលមកពីអ៊ឺរ៉ុបដំឡើងពន្ធនាំចូល។ ថ្លៃដើមផលិតនៅប្រទេសផលិតឡើងថ្លៃ ក៏អាចនាំឲ្យទំនិញនៅអ៊ឺរ៉ុបឡើងថ្លៃស្មើគ្នា នឹងករណីដែលអ៊ឺរ៉ុបដំឡើងពន្ធនាំចូលពីប្រទេសណាមួយដែរ។
លោកបានថា បើគិតថា១២% នៃពន្ធនាំចូល ដែលអ៊ឺរ៉ុបអាចនឹងយកពីកម្ពុជាគឺជាហានិភ័យធំ ដែលអាចធ្វើឲ្យរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជាត្រូវរើទៅបង់ក្លាដេស ឬត្រូវរលំរលាយ តើការដំឡើងប្រាក់ឈ្នួល ៤៩% នៅបង់ក្លាដេស និងការបន្តទាមទារឱ្យដំឡើងដល់លើស ១០០% ព្រមទាំងទាមទារឱ្យមានការដំឡើងជារៀងរាល់ឆ្នាំ តាមរយៈការធ្វើបាតុកម្ម ដែលលាយឡំដោយអំពើហឹង្សានៅបង់ក្លាដេសនាពេលថ្មីៗនេះ គឺជាហានិភ័យធំ ដែលអាចធ្វើឲ្យរោងចក្រកាត់ដេរ និងស្បែកជើងនៅបងក្លាដេសរលំរលាយដែរឬទេ ដោយអ្នកបញ្ជាទិញឈប់ទិញផលិតផលពីបង់ក្លាដេសដែរឬទេ?
បើថ្លៃដើមផលិតកម្មនៅបង់ក្លាដេស និងចិនក៏ឡើងថ្លៃស្មើនឹងពន្ធ១២% ដែលអ៊ឺរ៉ុបអាចនឹងយកពីកម្ពុជាដែរ! បើវៀតណាមកំពុងផលិតប្រភេទសំលៀកកបំពាក់ និងស្បែកជើងខុសពីកម្ពុជា ហើយវៀតណាមក៏មិនមានលទ្ធភាពពង្រីកសង្វាក់ផលិតកម្មផ្នែកសំលៀកកបំពាក់និងស្បែកជើងបន្ថែម ជាពិសេសវៀតណាមមានគោលនយោបាយវិនិយោគថ្មីដោយផ្តល់ការលើកទឹកចិត្តតែចំពោះការវិនិយោគណាដែលប្រើជំនាញ និងបច្ចេកវិទ្យាខ្ពស់! បើម៊ីយ៉ានម៉ា ក៏មិនទាន់មានភាពទាក់ទាញគ្រប់គ្រាន់! តើម្ចាស់រោងចក្រគេរើរោងចក្រពីកម្ពុជាទៅណា? តើអ្នកបញ្ជាទិញគេប្តូរការបញ្ជាទិញទៅណា? បើប្តូទៅណាក៏ថ្លៃលក់ចុងក្រោយទៅឱ្យអតិថិជននៅទីផ្សារអ៊ឺរ៉ុបមានតម្លៃដូចគ្នាហ្នឹង?
ជាទូទៅអ្នកលក់ភ័យ ប្រសិនជាយើងដំឡើងថ្លៃទំនិញតែម្នាក់ឯង រីឯគូប្រជែងយើងមិនព្រមដំឡើងថ្លៃដូចយើង។ បើថ្លៃទំនិញយើងថ្លៃជាងមុន ១ដុល្លារ គូប្រជែងយើងក៏ដំឡើងថ្លៃ ១ដុល្លារដែរ រីឯអ្នកទិញក៏មិនអាចទៅទិញទំនិញពីកន្លែងណាផ្សេងបាន នោះអ្នកទិញ ដែលធ្លាប់ទិញម៉ូយមួយណា តែងតែបន្តទិញម៉ូយនោះដដែល។
ដូច្នេះសូមបងប្អូនកម្មករ កម្មការិនីរោងចក្រកុំព្រួយបារម្ភ ឬចាញ់បោកការឃោសនាបំប៉ោង ក្នុងគោលបំណងបំភ័យបងប្អូនដោយក្រុម ដែលមានចេតនាអាក្រក់ ចង់បង្កចលាចលនៅក្នុងសង្គមយើង!
រាជរដ្ឋាភិបាលមានផែនការ វិធានការណ៍ និងយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ក្នុងការឆ្លើយតបករណី EBA នេះ ទៅតាមដំណាក់កាលជាក់ស្តែងនីមួយៗ ដែលធានាថា នឹងគ្រប់គ្រងលំនឹងសេដ្ឋកិច្ច និងស្ថិរភាពទីផ្សារការងារបាន ទោះក្នុងករណីដែល EU សម្រេចដក EBA ពីកម្ពុជាដោយប្រើស្តង់ដា២ (double standard) ខុសគោលការណ៍ស្នូលនៃអរិយប្រទេស ដែលកម្ពុជាប្រាថ្នាបន្តចង់ធ្វើជាមិត្តដោយសុទ្ធចិត្តក៏ដោយ, នេះបើយោងតាមការអះអាងរបស់លោក ហេង សួរ នៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)»។
ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរ ប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែជាពេលវេលាដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ ជាផ្លូវការតែប៉ុណ្ណោះ។ រយៈពេលគិតចាប់ ពីការចាប់ផ្តើម រហូតដល់ការចូលជាធរមាន នៃសេចក្តីសម្រេចចុងក្រោយណាមួយនោះ គឺមានរយៈពេល១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ។
សហភាពអឺរ៉ុប ជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជា ដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្នុងទឹកប្រាក់ បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិកពីប្រព័ន្ធអនុគ្រោះពន្ធ៕