(ភ្នំពេញ)៖ ខណៈដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងបង្ហោះរូបភាពជួបជុំគ្នា ជូនពរគ្នាដោយក្តីអំណររីករាយ យ៉ាងព្រោងព្រាត ពេញបណ្តាញសង្គមនៅថ្ងៃទិវាក្តីស្រឡាញ់ ១៤កុម្ភៈ ដែលមើលទៅ គួរឲ្យសប្បាយ រីករាយ និងមានក្តីសុខសុភមង្គល យ៉ាងក្រៃលែង ចម្លែកអីតែពពួកមនុស្សដែលមានសន្តានតិច្ឆានោ ដូច ទណ្ឌិតសម រង្ស៊ី បែរជានៅខំឃោសនាអកុសលស ភូតកុហក បោកប្រាស់ ប្រជាភិថុតឥតឈប់ឈរដោយមួលបង្កាច់ ទាំងស្រុងសភាពការពិតនៅកម្ពុជា។
អ្វីដែលគួរឲ្យអស់សំណើចគឺ សម រង្ស៊ី បានប្រៀបធៀបរដ្ឋាភិបាលកម្ពុជាទៅនឹងកប៉ាល់ធ្លុះធ្លាយ ខណៈដែលសំពៅរបស់គាត់វិញបានលិចក្នុងសមុទ្រទឹកបាត់ទៅហើយ រីឯការប៉ុនប៉ង បង្កើតចលនាសង្គ្រោះជាតិដែលសម រង្ស៊ី ហៅថាជាសំប៉ានយកទៅជួយសំពៅ«សង្គ្រោះជាតិ»ដែលកំពុងលិចទឹកកណ្តាលសមុទ្រនោះក៏ត្រូវខ្យល់បោកបក់លិចលង់អស់ហើយដែរ។ ចំណែកឯសំពៅដែល សម រង្ស៊ី កំពុងបើកបរក្រោយពីច្រានលោក កឹម សុខា ទម្លាក់ទឹកដើម្បីដណ្តើមចង្កូតមកកាន់នោះ គឺជា សំពៅក្រដាស់ដែលគាត់ឧបកិច្ចឬហៅថាក្រដាស់សែនខ្មោចតែ ប៉ុណ្ណោះពីព្រោះសំពៅពិតបាន លិចបាត់ទៅហើយ។ សំពៅឧបកិច្ចនេះទៀតសោតអាចដឹកមនុស្សបានតែមួយដំបរស្វាដែលជាអ្នកហែហម ហៃអើ តែប៉ុណ្ណោះ ចំណែក អតីតយុទ្ធមិត្តមកពីភាគីកឹម សុខា បានលោតចោលសំពៅនេះអស់ទៅហើយ។
ងាកមកមើលកប៉ាល់របស់រដ្ឋាភិបាលដែលកំពុងកាច់ចង្កូតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាននិងកំពុងបោះជំហានទៅមុខយ៉ាងរឹងមាំជាមួយកំណើនសេដ្ឋកិច្ចថេរ ៧%ហើយដែលឆ្នាំ២០១៨កន្លងទៅនេះបានកើនឡើងរហូត៧.៥% ។
បច្ចុប្បន្ននេះ នាវាកម្ពុជាបានបោះ ពួយចេញពីប្រទេសក្រីក្រទៅ ទទួលឋានៈជាប្រទេសដែលមានប្រាក់ចំណូមធ្យមកម្រិតទាបទៅហើយ។ នាវានេះកំពុងបោះពួយទៅមុខទៅរកគោលដៅនៃប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ហើយខ្ញុំជឿថានេះគឺជានាវាដែលពិតជានាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ និងផ្ទុកពេញដោយស្បៀងយ៉ាងសម្បូរបែបសម្រាប់ផ្គត់ផ្គង់ពលរដ្ឋដោយមិនព្រួយបារម្ភពីខ្យល់ព្យុះតូចតាចដែលកើតចេញពីចំហាយនៃការព្យូរ រឺមិនព្យូរ EBA របស់សហភាពអឺរ៉ុបនោះឡើយ។ សម រង្ស៊ី អះអាងដោយភូតភរថា ក្រុមអ្នកវិនិយោគទុននៅកម្ពុជាផ្តើមដកការវិនិយោគពីកម្ពុជាជាបណ្តើរហើយនៅមុនការដកEBA របស់សហភាពអឺរ៉ុប ខណៈដែលក្រុមហ៊ុនវិនិយោគទាំងឡាយកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងដោយតុបតែង សម្អិតសម្អាង ពណ៌ក្រហមច្រាលចាប់តាំងពីពេលចូលឆ្នាំចិនមករហូតដល់ឥឡូវ។
សម រង្ស៊ី ដែលគេស្គាល់ថាជាមេភូតបានអះអាងទៀតថា សហភាពអឺរ៉ុបផ្តើមដាក់ទណ្ឌកម្មមកលើកម្ពុជាហើយតាមរយៈការដក EBA ពីកម្ពុជា ខណៈដែលដំណើរការនីតិវិធីនេះត្រូវការរយៈពេលដល់ទៅ ១៨ ខែទើបសេចក្តីសម្រេចចុងក្រោយចូលជាធរមាន ឥឡូវនេះមិនទាន់ដឹងថា តើសេចក្តីសម្រេចចុងក្រោយរបស់សហភាពអឺរ៉ុបដកឬមិនដកផងទេនោះ។ ជាការពិតនរណាក៏បានស្គាល់ក្រយៅ សម រង្ស៊ី ដែរថាជាអ្នកនយោបាយ«គិតមិនដែលត្រូវ យល់មិនដែលច្បាស់ និងធ្វើមិនដែលកើត»។ ដូច្នេះវិធីសាស្ត្រធ្វើនយោបាយរបស់បុរសសម្តីស្រីម្នាក់នេះគឺគ្មានអ្វីក្រៅតែពីការភូតភរ បំភាន បំភ្លៃ និងការបង្ខូចបង្កាច់អ្នកដទៃតាមរយៈការបង្កើតព័ត៌មានក្លែងក្លាយនោះឡើយ។ វិធីបែបនេះត្រូវបាន សម រង្ស៊ី ប្រើជាង២០ឆ្នាំមកហើយ តែទីបំផុតគណបក្សរបស់គាត់បានរលាយ ជាបន្តបន្ទាប់រហូតវិនាសអន្តរាយរកដីជ្រកមិនបាន។
ទោះយ៉ាងណា សម រង្ស៊ី នៅតែ បន្តយុទ្ធសាស្ត្រភូតភរនេះដើម្បីបោកប្រាស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ហើយម្រមូលលុយដាក់ ហោប៉ៅសម្រាប់ចិញ្ចឹមជីវិត នយោបាយឥតន័យរបស់ខ្លួនជាបន្ត។ បច្ចុប្បន្ននេះ សម រង្ស៊ី កំពុងបន្តប្រមូលលុយពីពលរដ្ឋខ្មែរនៅឯនាយសមុទ្រ បន្តទៀតហើយក្រោមហេតុផល ដដែលៗថា ដើម្បីស្តាប្រជាធិបតេយ្យស្រុកខ្មែរ។ តាមពិតលុយទាំងនោះត្រូវបានសម រង្ស៊ី យកទៅចាយវាយ ទិញសំបុត្រយន្តហោះដើរទេសចរណ៍គ្រប់ទិសទី និងបំប៉នក្រុមគ្រួសាររបស់ខ្លួនតែប៉ុណ្ណោះ។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រមូលលុយរាប់លានដុល្លារដើម្បីបើក ទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែ ឥឡូវគេមិនបានឃើញស្រមោល ទូរទស្សន៍ព្រះអាទិត្យនោះទេ តែលុយបាត់អស់ហើយ។
របៀបធ្វើនយោបាយរបស់ សម រង្ស៊ី មានតែមួយក្បាច់គត់តាំងពីគាត់ចាប់ផ្តើមអាជីពនយោបាយ មកនោះគឺក្បាច់ភូតថ្លុកភូតត្រពាំង ភូតរហូតដល់រលាយទាំងបក្ស អស់ទាំងតំណែង ហើយផ្ទែក្នុងក៍បែកបាក់ខ្ចាត់ខ្ចាយ។ នេះហើយគេហៅថា ភូតច្រើនចាញ់អាត្មា។ ឥឡូវនេះ ក្បួនភូតដែលមាន ចំណាស់ជាង ២០ ឆ្នាំ ត្រូវបានសម រង្ស៊ី គាស់យកមកប្រើជាបន្តទៀត។ ដូចករណីដែលគាត់ និយាយពី EBA និងពីកប៉ាល់ធ្លុះធ្លាយនេះជាដើម គឺជាក្បួនភូត ហួសសម័យ ដែលខុសស្រឡះ ពីការពិត ហើយដែលគ្មានអ្នកណាជឿទៀតឡើយលើកលែងតែអ្នកមិនដែលមកលេងស្រុកខ្មែរសោះអាចភ្លាត់ជឿសម្តីសម រង្ស៊ី ។ ប៉ុន្តែសម្រាប់អ្នកស្គាល់កម្ពុជាច្បាស់ ពិសេស ពលរដ្ឋខ្មែរដែលកំពុងរស់នៅកម្ពុជាសព្វថ្ងៃ សម្តីសម រង្ស៊ី ជាចម្រៀងឥតន័យ ឬជាសម្តីឥតគ្រាប់។
មកដល់រដូវជិតបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ពលរដ្ឋខ្មែរកំពុងសួរគ្នាថា តើចូលឆ្នាំថ្មីខាងមុខនេះគួរទៅលេងនៅទីណា? អ្នកខ្លះទៀតបានកក់សំបុត្រយន្តហោះទៅក្រៅប្រទេសរួចហើយដើម្បីធ្វើទេសចរណ៍ ខណៈដែលអ្នកខ្លះទៀតបានត្រៀមលក្ខណៈដើម្បីចេញទៅតាមទីរមណីយដ្ឋាននានានៅក្នុងស្រុកដើម្បីជួបជុំគ្រួសារ កម្សាន្តសប្បាយ គឺគ្មានអ្នកណាខ្វល់ខ្វាយពីការឃោសនាឥតប្រយោជន៍របស់ សម រង្ស៊ី ឡើយ។ ខ្ញុំក៍ចង់ផ្តាំទៅ សម រង្ស៊ី ឲ្យគិតគូរពីការធ្វើអំពើល្អសម្រាប់ប្រទេសជាតិខ្លះផង ក្រែងជាតិក្រោយមានបុណ្យសំណាងកើតជា មនុស្សម្នានឹងគេពីព្រោះតាមអ្វីដែលសម រង្ស៊ី កំពុងធ្វើសព្វថ្ងៃនេះ គឺត្រូវចាប់កំណើតជាប្រេតតិរច្ឆានមិនខានឡើយដោយសារតែអំពើក្បត់ប្រយោជន៍ជាតិនិងប្រជាជនខ្លួនឯង។ ម៉្យាងវីញទៀត ខ្ញុំក៏សូមផ្តាំទៅសម រង្ស៊ីថា ឲ្យឈប់ភូតទៀតទៅពីព្រោះកប៉ាល់ដែលពលរដ្ឋខ្មែរកំពុងជិះសព្វថ្ងៃនេះគឺជាកប៉ាល់សុខ កប៉ាល់សន្តិភាព និងនាំលាភសំណាង ផ្ទុយទៅវិញ សំពៅសំណែនខ្មោចដែល សម រង្ស៊ី កំពុងជិះទៅវិញទេដែលកំពុងលិចលង់នោះ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ