(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេស នៅសហគមន៍អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៉ីនិងស្នាក់នៅដោយក្តីរីករាយ ក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំក៏ចង់យកពេលនេះ និយាយទៅកាន់បណ្តាលក្រុមហ៊ុនអឺរ៉ុប រាប់រយក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា សុំបន្តការរកស៉ីនិងស្នាក់នៅដោយការសប្បាយរីករាយ ជាមួយសុខសន្តិភាពសម្រាប់អស់លោកអ្នក»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនដល់វិនិយោគិន និងធុរជនទាំងឡាយ ទាំងអ្នកមានការវិនិយោគ និងអ្នកប្រកបអាជីវកម្មនៅកម្ពុជា ទាំងអ្នកដែលមានបំណងបណ្តាក់ទុន ឬកំពុងសិក្សាបណ្តាក់ទុនវិនិយោគនៅកម្ពុជាឲ្យដឹងថា ជាមួយនឹងការប្តូរផ្តាច់រក្សាឲ្យបានល្អប្រសើរនូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេស រាជរដ្ឋាភិបាលកំពុងតែសកម្មចាត់វិធានការកែទម្រង់ មុតស្រួចនិងស៉ីជម្រៅ សំដៅកែលម្អនិងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ចជាអាទិ៍ ការលុបបំបាត់វិញ្ញាបនបត្រប្រភពដើមទំនិញ ការកែសម្រួលមុខនាទីរបស់កាំកុងត្រូល ចេញពីការត្រួតពិនិត្យទំនិញនាំចេញនាំចូល ការរំសាយអង្គភាពកាំសាប ការកាតបន្ថយថ្លៃការស្កេនកុងតឺន័រ និងថ្លៃសេវាមួយចំនួនទៀត ការកែលម្អសេវាពាក់ព័ន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដល់សហគ្រាសធុនតូចនិងមធ្យម និងវិធានការសំខាន់ៗ ជាប្រព័ន្ធជាច្រើនទៀត ដែលសហគមន៍ធុរកិច្ចនឹងបានឃើញ ព្រមទាំងបានទទួលផលប្រយោជន៍ជាក់ស្តែង បន្ថែមជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខ។
សម្តេចមានប្រសាសន៍បន្តថា «ជាមួយនឹងការកែទម្រង់មុតស្រួច និងស៉ីជម្រៅដែលបាននឹងកំពុងអនុវត្តន៍ ហើយនឹងដាក់ចេញជាបន្តបន្ទាប់ យើងជឿជាក់ថាបរិយាសកាសនៅកម្ពុជា នឹងមានសភាពរឹតតែប្រសើរ ដែលនឹងផ្តល់ភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិន និងធុរជន ទាំងក្នុងនិងក្រៅប្រទេស»។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ការលើកកម្ពស់ភាពប្រកួតប្រជែង ពិសេសតាមរយៈការកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច ការបង្កើនប្រសិទ្ធភាពសម្រួលពាណិជ្ជកម្ម និងការកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត បរិយាកាសធុរកិច្ចជាទូទៅ នឹងជួយសម្រួលឲ្យវិនិយោគិន និងធុរជនទាំងឡាយដែលរកស៉ី ចំណេញបានសមរម្យនៅក្នុងការធ្វើធុរកិច្ច ធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីបម្រើទីផ្សារនៅក្នុងប្រទេស និងក្រៅប្រទេស ទោះបីជាត្រូវបង់ពន្ធទៅវិញទៅមកក៏ដោយ។ ហើយក៏ចូលរួមចំណែក ដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារដល់ពលករ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាផងដែរ៕