តំណាងរាស្ដ្រ ច័ន្ទ សារុន យកអំណោយប្រគល់ជូន សិស្សវិទ្យាល័យសុខអាន១ឧសភា ខេត្តតាកែវ ដែលជួបគ្រោះថ្នាក់ចរាចរណ៍
14-02-2019 19:45
(តាកែវ)៖ អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ លោក ច័ន្ទ សារុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ប្រគល់ជូនដល់សិស្សវិទ្យាល័យសុខអាន១ឧសភា ខេត្តតាកែវ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅ។
សិស្សដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ លន់ សោម៉ា ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សនៃវិទ្យាល័យសុខអាន១ឧសភា រស់នៅក្នុង ភូមិដំណាក់រៀង ឃុំពពេល ស្រុកត្រាំកក់ រងរបួសធ្ងន់ និងម្នាក់ទៀតឈ្មោះ លន់ ច័ន្ទដារ៉ា អាយុ១៨ឆ្នាំ (ត្រូវជាបងស្រី លន់ សោម៉ា) បានស្លាប់ ក្នុងពេលកើតហេតុ។
បន្ទាប់ពីចុះសួរសុខទុក្ខសិស្សដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រួចមក នៅព្រឹកថ្ងៃដដែលនោះ តំណាងរាស្ដ្រ ច័ន្ទ សារុន ក៏បានបន្ត ចុះសួរសុខទុក្ខ លោកយាយ ង៉ែត នៅ អាយុ៩០ឆ្នាំ រស់នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ផងដែរ៕