(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការណ៍ដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែងអាវុធ (EBA) ពីកម្ពុជានោះ គឺប្រៀបបីដូចជា សម្លាប់គណបក្សប្រឆាំងដូច្នោះដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានអះអាងដែរថា សម្តេចកំពុងរង់ចាំមើលមុខ អ្នកដែលចង់ឱ្យកម្ពុជាស្លាប់ដោយសារការដក EBA គ្រាដែលកម្ពុជាមិនស្លាប់ដូចបំណងរបស់ពួកគេ។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសបិទ សន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការដក EBA មានតម្លៃស្មើនឹងសម្លាប់បក្សប្រឆាំង ខ្ញុំមិនចង់និយាយ ច្រើនទេ ហើយរឿងនេះ ខ្ញុំបានណែនាំផ្ទៃក្នុង រួចទៅហើយ»។
សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការ នូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បានចោទប្រកាន់លើ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម ខណៈដែលការដក EBA នឹងចាប់ផ្តើមអនុវត្តជាធរមាន នៅរយៈពេល១៨ខែក្រោយ។
មុនមានការប្រកាសអំពីនីតិវិធីនេះ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានប្រកាសថា លោកគឺជាមនុស្សតែម្នាក់គត់ ដែលបានជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មនានា មកលើប្រទេសកម្ពុជា បន្ទាប់ពីលោកបានជោគជ័យ ក្នុងការធ្វើ បក្សប្រហារដណ្តើមយកឈ្មោះគណបក្សសង្រ្គោះជាតិ ដែលតុលាការកាត់រំលាយនោះ ពីលោក កឹម សុខា។
នៅក្នុងពិធីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងមហាផ្ទៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីយុទ្ធសាស្រ្តនានា ដែលទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ទន្ទឹមនឹងនេះ សម្តេចបាន អះអាងថា ការដក EBA នេះមិនបានធ្វើឱ្យកម្ពុជាស្លាប់ ឬបាត់បង់ទីផ្សារឡើយ គ្រាន់តែធ្វើឱ្យកម្ពុជាពីការចំណេញចិត្ត មិនជាការចំណេញតិចជាងមុន។
ដោយទំនងជានិយាយសំដៅដល់ភាពបរាជ័យរបស់ក្រុមប្រឆាំង ដែលនៅតែមិនអាចសម្រេចបំណងរបស់ពួកគេ ក្នុងការត្រឡប់មកធ្វើនយោបាយ គ្រាដែលបរទេសដាក់សម្ពាធមកលើកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន កំពុងតែរង់ចាំមើលមុខក្រុមនេះ។
សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំកំពុងចាំមើលមុខ អាខ្មោចដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់។ នេះមិនមែនជាការផ្ចាញ់ផ្ចាល់មួយទេ តែវាជារឿងជាក់ស្ដែងមួយ ដែលអ្នកត្រូវយល់»។
សម្តេចបានបន្តទៀតថា៖ «ខ្ញុំគ្មានការចាំបាច់ត្រូវឆ្លើយតបជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្ដែខ្ញុំមានភារកិច្ចដើម្បីពន្យល់ ប្រជាពលរដ្ឋ១៦លាននាក់ ដែលនៅក្នុងប្រទេសកម្ពុជាថា កម្ពុជាមិនស្លាប់ ដោយសារតែអត់ភាពអនុគ្រោះ EBA តែក៏មិនអាចធ្វើអ្នកមាន ដោយសារតែភាពអនុគ្រោះ EBA ដែរ»៕