(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានតែប្រទេសចំនួន៣ តែប៉ុណ្ណោះដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប រួមមាន៖ ប្រទេសកម្ពុជា, ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា។
ការមានប្រសាសន៍លើកឡើងបែបនេះរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ។ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ហើយខ្ញុំក៏សូមបញ្ជាក់ថា នៅក្នុងប្រទេសអាស៊ាន មានប្រទេស៣ តែប៉ុណ្ណោះ ដែលទទួលបាននូវភាពអនុគ្រោះ ហេតុអ្វីទៅប្រទេសដែលទទួលបាននូវភាពអនុគ្រោះ គឺប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូច្នេះគេចាត់ទុកកម្ពុជា គេចាត់ទុកឡាវ និង មីយ៉ាន់ម៉ា គឺជាប្រទេសដែលមានការអភិឌ្ឍតិចតួច»។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ប៉ុន្តែនៅពេលណាដែលប្រទេសទាំងនេះ បានឆ្លងផុតពីប្រទេសដែលហៅថា ប្រទេសអភិវឌ្ឍតិចតួច ដូច្នេះប្រទេសទាំងនោះ នៅតែបាត់បង់ការអនុគ្រោះពន្ធដដែល គ្រាន់តែបញ្ហាពេលវេលាតែប៉ុណ្ណោះ ហើយកម្ពុជា មីយ៉ាន់ម៉ា មុននេះត្រូវបានគេដក អីឡូវគេគំរាមដកប្រទេសមីយ៉ាន់ម៉ាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះ៖ «ឯកឧត្តម ប្រាក់ សុខុន ក្នុងពេលគាត់ទៅប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានពិភាក្សាជាមួយនឹងលោកជំទាវ អង់សាន ស៊ូជី និងអ្នកដឹកមីយ៉ាន់ម៉ា ទៅលើរឿងនេះ ព្រោះគេគំរាមដូចគ្នា គេគំរាមដូចគ្នា ទាក់ទងបញ្ហានេះ អញ្ចឹងអ្វីដែលខ្ញុំចង់និយាយ គឺសំខាន់យើងត្រូវប្រឹងប្រែងខ្លួនយើង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្ថែមថា ត្រង់ចំណុចនេះ សូមប្រជាពលរដ្ឋខ្មែរអស់ជាពិសេសបងប្អូនកម្មករ កម្មការិនី សម្រាប់អាទិត្យក្រោយ គឺក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តចុះជួបកម្មករ កម្មការិនី បន្តទៀត ដើម្បីលើកឡើងថា បើនៅតែបន្តមានការងារ ធ្វើមានប្រាក់ចំណូលកុំខ្វល់ថាអ្នកណានិយាយយពីអ្វីឱ្យសោះ។
បុរសម្នាក់ដែលខិតខំលះបង់អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិរូបនេះ ក៏បានសង្កត់ធ្ងន់ៗថា ចង់មើលមុខក្រុមអ្នកដែលរង់ចាំខ្មោច ដែលវាស្លាប់ទៅហើយនោះ វានឹងរស់ឡើងវិញដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់ ហើយនេះមិនមែនការផ្ចាញ់ផ្ចារនោះទេ ក៏ប៉ុន្តែវាជារឿងជាក់ស្តែងមួយដែលអ្នកត្រូវយល់ ហើយយើងទាំងអស់គ្នាត្រូវយល់ ហើយក៏មិនត្រូវការ ឆ្លើយតបជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្តែក្នុងនាមជារាជរដ្ឋាភិបាលកម្ពុជា គឺមានភារកិច្ចដើម្បីពន្យល់ដល់ប្រជាពលរដ្ឋខ្មែរ ជាង១៦លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ថា កម្ពុជាមិនស្លាប់ដោយសារការអត់ការអនុគ្រោះពន្ធ EBA តែក៏មិនអាចធ្វើអ្នកមានដោយសារភាពអនុគ្រោះពន្ធ EBA នោះដែរ៕