(ភ្នំពេញ)៖ ពីលើវេទិកាក្នុងពិធីបិទអង្គសន្និបាតក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ទោះមាន ឬគ្មាន EBA មិនអាចធ្វើឲ្យប្រទេសកម្ពុជា ឬប្រជាជនកម្ពុជាស្លាប់ ឬមានបាននោះឡើយ ហើយរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានគ្រប់គ្រងគ្រប់ស្ថានការណ៍ទាំងអស់។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កម្ពុជាក៏មិនយកអធិបតេយ្យ និងឯករាជ្យរបស់ជាតិទៅប្តូរនឹងជំនួយ ឬបញ្ហាណាមួយទេ។ ទោះបីគ្មានចំណូលបន្ថែម ក៏កម្ពុជាមានលទ្ធភាពបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការរហូតដល់ទៅមួយឆ្នាំ ព្រោះថាត្រឹមតែចំណូលពីពន្ធគយ គឺគ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជា អ្នកមានបានដែរ។ បញ្ហារកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើង គឺជារឿងស្មើភាពសមហេតុសមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «ខ្ញុំបានបញ្ជាក់តាំងពីដើមទីមកថា មិនអាចយកអធិបតេយ្យជាតិរបស់យើង ទៅដោះដូរជាមួយជំនួយអ្នកណាទាំងអស់ ដូច្នេះហើយបានជាយើងត្រូវខិតខំ ហើយខ្ញុំសូមបញ្ជាក់ថា EBA នេះយូរ ឬឆាប់វាគង់តែបាត់ទេ នៅណាដែលសេដ្ឋកិច្ចរបស់យើងដើរដល់នៅដំណាក់កាលមួយ ពេលនោះយើងនឹងបាត់ជាស្វ័យប្រវត្តិ»។
បន្ថែមពីនេះបុរសខ្លាំងរបស់កម្ពុជា ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី និងមន្ដ្រីរាជការ កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ ហើយការដក EBA គឺជាការសម្លាប់បក្សប្រឆាំង។ សម្ដេចអះអាងទៀតថា សម្ដេចកំពុងរង់ចាំមើលមុខក្រុមមនុស្សនិយាយថា កម្ពុជាស្លាប់ព្រោះតែការដក EBA នេះ។
ទន្ទឹមគ្នានេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅពេលបច្ចុប្បន្ននេះ ប្រទេសដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធ នៅអាស៊ានមានតែ៣ប៉ុណ្ណោះ គឺកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
សូមជម្រាបថា សហភាពអឺរ៉ុប បានប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ពីប្រទេសកម្ពុជា។ ជុំវិញរឿងនេះ សហភាពអឺរ៉ុប បានចោទប្រកាន់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការគោរពសិទ្ធិមនុស្ស សិទ្ធិសហជីព និងលទ្ធិប្រជាធិបតេយ្យជាដើម។
ព្រមពេលជាមួយគ្នានេះ ក្រសួងពាណិជ្មកម្មកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុបត្រូវការរយៈពេល១៨ខែ ដើម្បីដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» នោះបើសិនជាសហភាពអឺរ៉ុបពិតជាសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ទំនិញកម្ពុជាមែននោះ។
សូមបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕