(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បញ្ហា EBA មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងអឺរ៉ុបនោះឡើយ ហើយថ្លែងទៀតថា កម្ពុជានៅតែបន្តធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៉ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខនេះ។
ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញបិទសន្និបាត បូកសរុបការងារបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យបង្កើតស្មារតីរួមគ្នាការពារឯករាជ្យភាពជាតិ ទាំងផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច។ សម្តេចក៏បានគូសបញ្ជាក់ថា ក្រុមដែលមាននិន្នាការប្រឆាំង បានភូតភរកុហកបោកប្រាស់ប្រជាពលរដ្ឋខ្មែរថា ខណៈពេលអឺរ៉ុបចាប់ផ្តើមនីតិវិធីដំណើរការ កាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាង លើកលែងតែសព្វាវុធ (EBA= Everything But Arms) ក៏ជាពេលកាត់ផ្តាច់ទំនាក់ទំនងការទូត រវាងខ្មែរនិងអឺរ៉ុបផងដែរ។
សម្តេចឆ្លើយតបថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ មិនមែនបានន័យថា អឺរ៉ុបកាត់ផ្តាច់ចំណងទំនាក់ទំនងការទូតនោះពីកម្ពុជាឡើយ ហើយកម្ពុជាក៏បាន នឹងកំពុងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប មានលក្ខណៈជាប្រវត្តិសាស្រ្តទៀតផង នៅឆ្នាំ២០២០ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «រកស៉ីបង់ពន្ធឲ្យគ្នា ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋក៏នៅតែបន្ត មិនមែនបានសេចក្តីថា ដកហូតភាពអនុគ្រោះ ហើយផ្តាច់ចំណងទាក់ទងខាងការទូត មិនមែននោះទេ កុំយល់ច្រឡំ។ ពួកអ្នកបោកប្រាស់កំពុងតែធ្វើការបោកប្រាស់មនុស្សមួយចំនួន»។
សម្តេចមានប្រសាសន៍បន្តថា «យើងនៅតែធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៉ី-អឺរ៉ុប ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៅប្រទេសអឺរ៉ុប នឹងត្រូវធ្វើដំណើរមកកាន់កម្ពុជា នៅឆ្នាំ២០២០ តាមការគ្រោងទុក។ ក្នុងពេលដែលខ្ញុំទៅប្រជុំ នៅព្រុចហ្សែលនៅខែតុលាកន្លងទៅនេះ គ្មានពាក្យមួយម៉ាត់ណាជំទាស់ នឹងតួនាទីជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី១៣ របស់អឺរ៉ុបនោះទេ។ ដូច្នេះក្នុងឋានៈជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលរាប់សិបប្រទេស ទាំងនៅអាស៉ីនិងអឺរ៉ុប យើងនឹងសហការជាមួយដៃគូរបស់យើង គឺសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីប្រធានបទ និងកិច្ចដំណើរការនៃការប្រជុំជាបន្តទៀត»។
បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តទំនាក់ទំនងភាពជាដៃគូជាមួយបណ្តារដ្ឋនានា នៅក្នុងសហភាពអឺរ៉ុបបន្តទៀត និងដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគី អឺរ៉ុប-កម្ពុជា កាន់តែប្រសើរជាងមុនបន្ថែមទៀត៕