(កណ្ដាល)៖ ជាផ្នែកមួយនៃការឈានឆ្ពោះទៅអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ ពិនិត្យពីស្ថានភាពរស់នៅ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដល់សិស្ស គ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្ត ចំនួន៧៤នាក់ នៃវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ ដែលមានទីតាំងស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេស ជាពិសេសក្មួយៗសិស្សទាំងអស់ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ បណ្តុះបណ្តាល នៅក្នុងវិទ្យាស្ថាននេះ ។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់ក្មួយៗសិស្សទាំងអស់ ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងបន្តរក្សាអនាម័យល្អ បរិស្ថានស្អាតក្នុងការរស់នៅ។ បន្ថែមពីនេះ សូមក្មួយៗទាំងអស់ ត្រូវចេះរស់នៅដោយអត់ធ្មត់ តស៊ូ ប្រឹងប្រែង ប្រណិប័តន៍វិន័យ គោរពលោកគ្រូអ្នកគ្រូ ដែលបានលះបង់កម្លាំងកាយ-ចិត្ត ពេលវេលាផ្តល់ចំណេះដឹង ក្តីស្រឡាញ់ ភាពកក់ក្តៅដូចជាអាណាព្យាបាល ហើយត្រូវតបស្នងវិញនូវការធ្វើអំពើល្អ និងរស់នៅជាមួយគ្នា ដោយសុខដុមរមនាក្នុងសង្គមជាតិ ដែលមានភាពសម្បូរសប្បាយរុងរឿង។
ជាមួយគ្នានេះ សូមក្មួយៗបំពេញកាតព្វកិច្ចជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជៀសវាងការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តនូវអំពើអបាយមុខ និងសេពគប់មិត្តមិនល្អ ហើយត្រូវអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
សិស្ស លោកគ្រូ អ្នកគ្រូទាំងអស់ បានតបស្នងនូវពាក្យពេចន៍ចេញពីបេះដូងថា «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ជាពិសេស សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ ផ្តល់ក្តីមេត្តា ករុណា អាណិត ស្រឡាញ់ ព្រមទាំងបានឧបត្ថម្ភអំណោយជាច្រេីន ដែលនេះជាការលេីកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមមិនចេះរីងស្ងួត។
អំណោយប្រគល់ជូនវិទ្យាស្ថានរួមមាន៖ អង្ករ ២តោន មីយើង ៣០កេស ត្រីខ ៨កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៤ដប ប្រេងឆា ២៤ដប ផ្លែក្រូច ១កេស ផ្លែទំពាំងបាយជូរ ២កេស និងថវិកា ៥លានរៀល។ ដោយឡែកសម្រាប់ សិស្ស គ្រូ និងបុគ្គលិក ទទួលបាន មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកាមួយចំនួនផងដែរ ៕