(ស្វាយរៀង)៖ ភាពសោកសង្រេងនៃការស្លាប់បាត់បង់ជីវិតរបស់ក្មេងស្រី អភ័ព្ទដែលត្រូវសត្វឆ្មាខាំ ហើយបានស្លាប់កាលពីវេលាម៉ោង៥៖៤០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ត្រូវបានឪពុក ម្តាយក្មេងស្រីរងគ្រោះទម្លាយថា មុននាទីចុងក្រោយ នៃការបាត់បង់ជីវិត កូនស្រីរបស់គាត់បានសុំឲ្យគាត់ទិញបាយស្រូបភ្លៅមាន់ ទិញនំភីស្សា និងសុំកាដូថ្ងៃបុណ្យ នៃសេចក្តីស្រលាញ់។
អ្នកស្រី គឹម ពិសី ត្រូវជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា កូនស្រីគាត់ឈ្មោះ ទាវ វត្តី អាយុ១១ឆ្នាំ និងមានប្តីឈ្មោះ ទាវ បូរ៉ា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ កាលពីដើមខែធ្នូ ឆ្នាំ២០១៨កន្លងទៅ កូនស្រី របស់គាត់ត្រូវបានសត្វឆ្មាចិញ្ចឹមក្នុងផ្ទះ ខំាចំជើងខាងឆ្វេង ហើយក៏បានឲ្យគ្រូពេទ្យក្នុងភូមិ ចាក់ថ្នាំដែរ តែបានរយៈពេល១ខែ ស្រាប់តែកូនស្រីរបស់គាត់មានអាការៈមិនស្រួលនិយាយប្លែកៗ។
អ្នកស្រីបានឲ្យទៀតថា បន្ទាប់មក កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ នាងមានអាការៈធ្វើទុក្ខខ្លាំងដូចជា ខ្លាចទឹក, ខ្លាចពន្លឺ, ខ្លាចខ្យល់ និងមានអាការៈថប់ៗ។ ពេលនោះក្រុមគ្រួសារ ក៏បាននាំទៅព្យាបាលជំងឺនៅប្រទេសវៀតណាម ក្នុងខេត្តតៃនិញ។ ពេលទៅដល់គ្រូពេទ្យបានយកឈាមនាងទៅពិនិត្យ ចាក់ថ្នាំឲ្យ១ម្ជុល និងដាក់សេរ៉ូម១ផ្លោក រួចមកគ្រូពេទ្យខេត្តតៃនិញ ប្រទេសវៀតណាម ក៏បានប្រាប់ក្រុមគ្រួសារគាត់ថា សូមបញ្ជូនកូនទៅផ្ទះវិញចុះ ព្រោះអាការៈនេះជួយលែងបានហើយ វាធ្ងន់ធ្ងរដំណាក់កាលចុងក្រោយហើយ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបន្តទៀតថា ពេលដឹកមកដល់ផ្ទះវិញ ពួកគាត់មិនអស់ចិត្ត នៅវេលាថ្ងៃត្រង់ក៏បានបញ្ជូននាងទៅកាន់មន្ទីពេទ្យកាល់ម៉ែត (ប៉ាស្ទ័រ) នៅរាជធានីភ្នំពេញ ពេលទៅដល់ ខាងពេទ្យពេលបានឃើញអាការៈកូនរបស់ខ្លួនបែបនេះ ក៏បានប្រាប់ឲ្យក្រុមគ្រួសារបញ្ជូននាងត្រឡប់មកផ្ទះវិញចុះ ព្រោះមើលទៅអាការៈរបស់ក្មេងស្រីម្នាក់នេះ ធ្ងន់ធ្ងន់ណាស់មិនអាចព្យាបាលបានទេ ព្រោះវាជាដំណាក់កាលចុងក្រោយ។
ឮដូច្នេះ ក្រុមគ្រួសារក្មេងស្រី ក៏សម្រេចចិត្តបញ្ជូននាងត្រឡប់មកផ្ទះវិញ ដោយសេចក្ដីអស់សង្ឃឹម និងអាណិតអាសូរនាងជាខ្លាំង ដែលគ្មានគ្រូពេទ្យណាអាចជួយសង្គ្រោះជីវិតនាងបាន។
ស្រ្តីជាម្តាយ បានបន្តថា ពួកគាត់បានជិះតាក់ស៊ី ដើម្បីត្រឡប់មកផ្ទះវិញ នៅពេលកំពុងធ្វើដំណើរតាមផ្លូវកូនរបស់គាត់មានអាការៈធ្វើទុក្ខខ្លាំងពេក ម្ចាស់រថយន្តឈ្នួលឃើញអាការៈ ក្មេងស្រីធ្ងន់ធ្ងរ គាត់មិនហ៊ានដឹកនាងត្រឡប់មកផ្ទះវិញទេ លុះដល់ជិតអ្នកលឿង ក្រុមគ្រួសាររបស់នាងបានសុំឲ្យម្ចាស់រថយន្ដរកមន្ទីពេទ្យណាដែលជិតនោះ ដើម្បីរកឡានមន្ទីពេទ្យដឹកកូនគាត់មកផ្ទះវិញ។
លុះធ្វើដំណើរលើឡានពេទ្យ បានតែបន្តិចដោយអាការៈកូនគាត់ធ្វើទុក្ខខ្លាំងពេក បណ្ដាលឲ្យនាងស្លាប់បាត់បង់ជីវិតនៅលើឡានពេទ្យតែម្ដងទៅ វេលាម៉ោង៥៖៤០នាទីល្ងាចនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ធ្វើឲ្យក្រុមគ្រួសារមានការសោកស្ដាយជាខ្លាំង និងទ្រហោយំ ដោយការបាត់បង់កូនស្រីគួរឲ្យស្រឡាញ់ម្នាក់នេះ។
ជាមួយនឹងការបាត់បង់កូនស្រីដ៏អភ័ព្ទនេះ អ្នកស្រី គឹម ពិសី បានរំលឹកថា សត្វឆ្មាដែលខាំកូនស្រីរបស់គាត់ រំលងបានជា២ខែ ត្រូវបានប្តីរបស់គាត់ដេញវ៉ៃរត់បាត់ស្រមោល មិនដែលឃើញវិលត្រឡប់មកផ្ទះវិញទេ ហើយកូនរបស់គាត់ពេលជម្ងឺធ្វើទុក្ខខ្លាំង កូនស្រីនិយាយថា កូននៅជាមួយប៉ា ម៉ាក់ កូនមិនទៅណាទេ កូនត្រូវយកឈ្នះឆ្មាឲ្យបាន។
ចំណែកប្តីរបស់គាត់ ក៏បានសន្យាថា ទោះបីកូនស្រីរបស់គាត់ស្លាប់ ឬរស់ គាត់និងទៅសាងព្រះភ្នូសមួយរយៈ ដើម្បីលាងបាបកម្មឲ្យកូនស្រី ដែលសាងពីជាតិមុនមិនល្អ ហើយសូមប្រាថ្នាជួបកូនគ្រប់ៗជាតិ៕