(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ នៅព្រឹ កថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម ដែលជាសាខាទីពីរថ្មីនេះ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានដំណើរការបន្ថែម ស្របពេលកម្ពុជា មានការវិវត្តន៍ឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់នៃសេវាធនាគារអេឡិចត្រូនិច។
ក្នុងឱកាសនៃការដាក់សម្ពោធដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តមនេះ អតិថិនជនទាំងអស់នឹងរីករាយ ទទួលបានឱកាសពិសេស អាចជ្រើសរើសលេខគណនី ពិសេសចំនួន ៨ខ្ទង់សម្រាប់ការបើកគណនីណាមួយរបស់ខ្លួន។
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានផ្តោតសំខាន់យ៉ាងពិសេស លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សុទ្ធសាធសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ ដោយចាប់តាំងពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ជាងនេះទៅទៀត លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថលដ៏សម្បូរបែបសម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានលើសពីសេវា ដែលផ្តល់ជូនតាមរយៈដៃគូសហការពាណិជ្ជកម្មរបស់យើង។
ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានឈានជើងចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្តក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ធនាគាជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ទំហំនៃប្រតិបត្តិការនៃសេវាធនាគារអេឡិចត្រូនិច ដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតដល់ជាង ៩,៦០០លានដុល្លារសហរដ្ឋអាមេរិក។
ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មទី១២ នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបដើម្បីបម្រើ និងផ្តល់សេវាកម្មទៅដល់អតិថិជនរបស់ខ្លួន ដែលឆ្លុះបញ្ចាំងនូវការវិវឌ្ឍធំមួយទៀត ក្នុងការធ្វើទំនើបកម្មលើវិស័យធនាគារ ដែលជាចំណែកចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធសេវាកម្មធនាគារ ឲ្យកាន់តែសម្បូរបែប មានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ និងភាពងាយស្រួលជាងមុន៕