(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានកោះហៅមន្រ្តីទទួលខុសត្រូវច្រកទ្វារព្រំដែនមកសាកសួរ ក្រោយមានព័ត៌មានអំពីករណីទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។
តាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩នេះ ក្រោយកោះហៅមន្ត្រីមកសាកសួរនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងចាត់វិធានការស្រាវជ្រាវចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសន្យាថា ខ្លួននឹងជម្រាបជូនសាធារណជនឲ្យបានច្បាស់លាស់ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជំរាបថា ថ្មីៗនេះមានការចោទប្រកាន់យ៉ាងខ្លាំងតាមបណ្ដាញសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម ពីសំណាក់មហាជនចំពោះលោក ឃឹម ចិត្រា ដែលត្រូវបានផ្ទេរមកធ្វើជាមេប៉ុស្ត៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៉ឹម សំអាត ដែលត្រូវផ្ទេរទៅធ្វើជាអនុប្រធាននាយកដ្ឋាន ទទួលទិសទី១។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ លោកវរសេនីយ៍ទោ ខឹម ចិត្រា ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជំនួសលោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ។
បណ្តាញ Facebook បានចោទប្រកាន់ថា លោក ឃឹម ចិត្រា បានកំណត់ឱ្យយកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ៥០បាត (លុយថៃ) ស្មើនឹង៧,០០០រៀល ក្នុងការប្រថាប់ត្រាលើបណ្ណព្រំដែន ចេញពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត។
តែយ៉ាងណាក៏ដោយនោះ មន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទា្វរអន្តរជាតិមួយនេះ បានបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងរួចមក លោក ឃឹម ចិត្រា បានបង្កើនការងារគ្រប់គ្រងយ៉ាងខ្លាំង នៅក្នុងអង្គភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត លើការរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីនោះផងដែរ៕