Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនក្នុងខេត្តពោធិ៍សាត់ រួមគ្នាបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយដល់ជនរងគ្រោះ

14-02-2019 15:37

(ពោធិ៍សាត់)៖ ជាមួយនឹងពាក្យស្លោក «បរិច្ចាគ ឈាម គឺចែករំលែកក្តីស្រឡាញ់» ក្រុមយុវជន ក្នុងជួរកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ បានរួមសហការគ្នា បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ អាយុជីវិតមនុស្ស ដែលត្រូវការឈាមជាចាំបាច់ និងដើម្បីជួយបង្កើនបរិមាណឈាមក្នុងស្តុករបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ទុកប្រើប្រាស់ ក្នុងជួយសង្គ្រោះអាយុជីវិតមនុស្ស ឲ្យបានទាន់ពេលវេលា។

កម្មវិធីនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា បើយោងតាមការសិក្សាស្រាវជ្រាវ ឈាមមូយផ្លោកដែលមនុស្សម្នាក់ បានបរិច្ចាគ អាចជួយសង្រ្គោះអាយុជីវិតមនុស្សបានចំនួនបីនាក់។

លោក ម៉ោញ កត្តាផល នាយការិយាល័យទី២ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រចាំទិសខេត្តពោធិ៍សាត់ និងជាសមាជិក ស.ស.យ.ក ខេត្ត បានយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយ រីករាយយ៉ាងខ្លាំង ដែលបានមកចូលរួម ក្នុងកម្មវិធីដ៏មានអត្ថន័យមូយនេះ ក្នុងការចែករំលែក សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ទៅដល់សហគមន៍ ក៏ដូចជា ប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតបងប្អូន ដែលត្រូវការឈាមជាបន្ទាន់ ឬជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ចំថ្ងៃ១៤ កុម្ភៈផ្ទាល់តែម្តង»

លោកសង្ឃឹមយ៉ាងមុតមាំថា សង្គមយើងនឹងពោរពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់រវាងគ្នា និងគ្នាជាក់ជាពុំខាន។ លោកក៏សូមអំពាវនាវដល់សាធារណជន ឱ្យចូលរួមជួយគាំទ្រ ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានត្រូវការឈាម៕